ក្រុង​កូ​បា​ហ្សារៈ ​ ដោយ​អង្គុយ​​ពែន​ភ្នែន​​នៅ​ក្នុង​ខ្ទម​​ឫស្សី​​​ដែល​ស្ទើរ​តែ​ខ្មៅ​អ៊ូញ​គ្មាន​​បង្អួច​ អ្នក​ស៊ើប​អង្កេត​ម្នាក់ ​បាន​ចុ​ច​កាំ​មេ​រ៉ា​​​វីដេ​អូ​​មួយ​ និង​​បាន​​សូម​ឲ្យ​​ស្រ្តី​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា ​វ័យ​ក្មេង​​ម្នាក់ ​​​រៀប​រាប់​​អំពី​យប់​មួយ​ ដែល​ទាហាន​​មីយ៉ាន់​ម៉ា​​ ចូល​មក​ដល់​ទី​នោះ​។

​ស្រ្តី​វ័យ​ក្មេង​​វ័យ​២០​ឆ្នាំ​​ម្នាក់​នេះ​ ដែល​ជា​​មនុស្ស​ម្នាក់​​​ក្នុង​ចំណោម​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧០​ម៉ឺន​​​នាក់​ ​ដែល​ត្រូវ​បាន​បង្ខំ​​ដោយ​​​ប្រទេស​មីយ៉ា​ន់​ម៉ា​​ឲ្យ​ចូល​ទៅ​ប្រទេស​បង់​ក្លាដែស​​​កាល​មួយ​ឆ្នាំ​មុន​ បាន​រំលឹក​ថា​៖ «​​ពួក​គេ​បាន​កម្ទេច​ទ្វា​រ​របស់​យើង​។ ពួក​គេ​បាន​យក​ប្តី​របស់​ខ្ញុំ​​ចេញ​ក្រៅ​ ហើយ​បាន​បាញ់​គាត់​»។

​ស្រ្តី​ម្នាក់​នេះ ដែល​មិន​អាច​បង្ហាញ​ឈ្មោះ​បាន​ដោយ​សារ​ហេតុ​ផល​ផ្លូវ​ច្បាប់​ ​ហើយ​មុខ​រំ​ក្រណាត់​ឃើញ​តែ​ភ្នែក ​ខណៈ​ភ្លៀង ​កំពុង​ធ្លាក់​នៅ​ខាង​ក្រៅ ​បាន​ថ្លែង​បន្ត​ថា​៖ «​​បន្ទាប់​មក​​ពួក​គេ​បាន​​សម្លាប់​កូន​ប្រុស​របស់​ខ្ញុំ​ ហើយ​ពួក​គេ​បួន​នាក់​បាន​រំលោភ​ខ្ញុំ​​»។

​ក្រុម​អ្នក​ស៊ើប​អង្កេត​ផ្សេង​ៗ​គ្នា​​​នៅ​ក្នុង​ជុំ​រំ​​ជន​ភៀស​ខ្លួន​​​ដ៏​ធំ​បំផុត​​របស់​ពិភព​លោក​ក្នុង​ប្រទេស​បង់​ក្លាដែស​ ​ដែល​ជា​ផ្ទះ​របស់​មនុស្ស​មួយ​លាន​នាក់​ ​បាន​និង​កំពុង​ចង​ក្រង​ភាព​យន្ត​ឯក​សារ​យ៉ាង​ស្ងៀម​ស្ងាត់​អំពី​​អ្វី​ដែល​​​​ជន​ជាតិ​ភាគ​តិច​មូស្លីម​​មីយ៉ាន់​ម៉ា​​​បាន​ទទួល​រង​ការ​ឈឺ​ចាប់​​ក្នុង​ឆ្នាំ​២០១៧​៕PS