ក្រុងសេអ៊ូលៈ កូរ៉េទំាងពីរ បានភ្ជាប់ខ្សែទូរស័ព្ទមួយ សម្រាប់គ្រាអាសន្ន រវាងមេដឹកនាំរបស់ពួកគេ កាលពីថ្ងៃសុក្រមួយសប្តាហ៍នៅមុនជំនួបរវាងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោកម៉ូន ជេអ៊ីន នៅក្នុងតំបន់គ្មានយោធានោះ។
ខ្សែទូរស័ព្ទនោះ ភ្ជាប់ពីការិយាល័យប្រធានាធិបតី Blue House នៅក្រុងស៊េអ៊ូល ទៅនឹងការិយាល័យរបស់គណៈកម្មការកិច្ចការរដ្ឋរបស់កូរ៉េខាងជើងប្រដាប់ដោយនុយក្លេអ៊ែរនៅក្រុងព្យុងយ៉ាង ដែលលោកគីម ជុងអ៊ុន ជាប្រធាន ហើយតំណែងនេះ គឺជាតំណែងមួយក្នុងតំណែងសំខាន់ៗរបស់លោក។
មន្ត្រីជាន់ខ្ពស់នៅវិមាន Blue House លោក Youn Kun-young បានថ្លែងថា ការតភ្ជាប់ខ្សែទូរស័ព្ទសម្រាប់គ្រាអាសន្នជាប្រវត្តិសាស្ត្ររវាងមេដឹកនាំរបស់កូរ៉េទាំងពីរ ត្រូវបានបង្កើតឡើង ដោយបានបន្ថែមថា ការសន្ទនាសាកល្បងរវាងមន្ត្រីនៃប្រទេសទាំងពីរ បានប្រើពេលវេលា៤នាទី និង១៩វិនាទី។
នេះគឺជាជំហានថ្មីបំផុតនៅក្នុងដំណើរការការទូតនៅលើ និងនៅជុំវិញឧបទ្វីបកូរ៉េ ដែលនាំឲ្យកើតមានឡើង ដោយកីឡាអូឡាំពិចរដូវរងានៅកូរ៉េខាងត្បូងកាលពីខែកុម្ភៈកន្លងទៅនោះ៕ PSA