បុរីញូវយ៉ក៖ ក្រុមមេដឹកនាំពិភពលោកបានស្នើដល់អង្គការសហប្រជាជាតិជាថ្មីឲ្យធ្វើការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខនេះ ដោយធ្វើឲ្យកិច្ចប្រឹងប្រែងមួយ ដែលបានចាប់ផ្តើម ១៥ ឆ្នាំកន្លងទៅនោះ ដំណើរការឡើងវិញ។
ប៉ុន្តែឱកាសនៃការផ្លាស់ប្តូរអង្គការពិភពលោក ដែលជាស្ថាប័នដ៏មានឥទ្ធិពលមួយនេះ ត្រូវបានមើលឃើញជិតឈានដល់ចំណុចសូន្យហើយ ដោយក្រុមអ្នកជំនាញដែលមើលឃើញថាមានការលើកទឹកចិត្តតិចតួចពីសមាជិកអចិន្រៃ្តយ៍ទាំង ៥ ដើម្បីអនុញ្ញាតឱ្យអ្នកដទៃទៀតចូលរួម។
ចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាមេរិក មានអាសនៈអចិន្រៃ្តយ៍នៅក្រុមប្រឹក្សានេះ ជាការរៀបចំមួយដែលបង្ហាញពីកម្លាំងនយោបាយភូមិសាស្ត្រ នៅពេលបង្កើតអង្គការសហប្រជាជាតិ ក្រោយពីសង្គ្រាមលោកលើកទី២ ចប់។
ក្រុមចម្រុះមួយនៃប្រទេសចំនួន ៤ គឺប្រេស៊ីល អាល្លឺម៉ង់ ឥណ្ឌា និងជប៉ុនកាលពីថ្ងៃអង្គារបានបន្តយុទ្ធនាការរបស់ខ្លួន ដើម្បីឱ្យមានការរួបរួមគ្នា។
ដោយមានការបន្ថែមថា G4 នឹងធានាថា ក្រុមប្រឹក្សានេះនឹងបញ្ចូលប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបគឺ (អាល្លឺម៉ង់) ជាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ធំបំផុតទី២ របស់ពិភពលោក និងប្រទេសផ្តល់វិភាគទានធំបំផុតរបស់អង្គការសហប្រជាជាតិ គឺ (ជប៉ុន) និងប្រទេសដែលមានប្រជាជនច្រើនបំផុតទី២ របស់ពិភពលោក (ឥណ្ឌា) និងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាមេរិកឡាទីន (ប្រេស៊ីល)។
រដ្ឋមន្ត្រីការបរទេសចំនួន ៤ របស់ពួកគេបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយកិច្ចពិភាក្សាតាមវីដេអូខុនហ្វើរិននៅក្រៅសង្វៀននៃមហាសន្និបាត UN ដែលត្រូវបានរៀបចំឡើងនៅឆ្នាំនេះ ដោយសារជំងឺកូវីដ ១៩ ថា៖ «ពិភពលោកបច្ចុប្បន្ននេះ ពិតជាខុសពីអ្វីដែលនៅពេលអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងកាលពី ៧៥ ឆ្នាំកន្លងទៅ»។
ពួកគេបានថ្លែងថា៖ «ប្រសិនបើយើងប្រឹងប្រែងធ្វើការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ តើយើងនឹងបញ្ឈប់វាពីការ-ត្រូវគេបោះបង់ចោលដែរឬទេ?»។
ប៉ុន្តែដើម្បីបញ្ចូលប្រទេសបន្ថែមទៀតនៅក្នុងកិច្ចប្រឹងប្រែងនេះ សមាជិកអចិន្រៃ្តយ៍ទាំង ៥ នោះ នឹងកាត់បន្ថយឋានៈផ្ទាល់របស់ពួកគេ។
លោក Andrew Bacevich សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបូស្តុនបានថ្លែងថា៖ «ឱកាសនៃការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខរបស់ UN នេះ ស្ទើរតែគ្មានទៅហើយ»។
លោក Andrew Bacevich បានថ្លែងថា៖ «ហេតុផលដែលថា សំណើសុំកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដែលប្រទេសភាគច្រើនកំពុងគាំទ្រនេះ បានបញ្ជាក់យ៉ាងច្បាស់ ដោយបានធ្វើការអំពាវនាវដល់ប្រទេសសមាជិកអចិន្រៃ្តយ៍របស់អង្គការសហប្រជាជាតិទាំងអស់បន្ធូរបន្ថយអំណាចរបស់ពួកគេ»៕ AFP/PSA