ក្រុងបាងកកៈ លោកឧបនាយករដ្ឋមន្ត្រី Wissanu Kreangam បានថ្លែងកាលពីថ្ងៃពុធថា គណៈកមា្មធិការជាតិប្រឆាំងអំពើពុករលួយ (NACC) កំពុងពិចារណាលើកលែងឲ្យអ្នកកាន់តំណែងខ្លះពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលស្ថិតនៅក្រោមច្បាប់ប្រឆាំងអំពើពុករលួយថ្មីមួយជាកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយការប្រឆាំង ដែលកំពុងតែកើនឡើងនោះ។
លោក Wissanu បានបង្ហាញពីភាពរីកចម្រើននៅក្នុងការដោះស្រាយបញ្ហាភាពចម្រូងចម្រាសជុំវិញច្បាប់ប្រកាសទ្រព្យសម្បត្តិថ្មីរបស់ NACC។
ច្បាប់ថ្មីនោះតម្រូវឲ្យក្រុមមន្ត្រីជាន់ខ្ពស់ដែលកាន់តំណែងប្រតិបត្តិ ដូចជា អគ្គនាយករង សាកលវិទ្យាធិការ និងតំណែងប្រហាក់ប្រហែលផ្សេងទៀត ឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ ពួកគេ។
ច្បាប់នោះ ក៏តម្រូវឲ្យប្តីប្រពន្ធ និងកូនៗរបស់ពួកគេផងដែរ ដាក់ពាក្យប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ពួកគេនៅ NACC។
ច្បាប់នេះត្រូវបានគ្រោងឲ្យចូលជាធរមាន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប៉ុន្តែ NACC បានពន្យារពេលរហូតដល់ថ្ងៃទី ១ ខែមករា វិញ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងៗនោះ។
លោក Wissanu បានថ្លែងថា គណៈកមា្មធិការជាតិប្រឆាំងអំពើពុករលួយ កំពុងពិចារណាថា មធ្យោបាយល្អបំផុតក្នុងការដោះស្រាយបញ្ហានេះ គឺពឹងផ្អែកទៅលើគោលការណ៍អភិបាលកិច្ចល្អ។
លោកឧបនាយករដ្ឋមន្ត្រី Wissanu Kreangam បានថ្លែងថា ក្រុមទី១គឺជាក្រុមអ្នកដែលមិនត្រូវឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ពួកគេនោះទេ ដោយសារតែមិនមានហានិភ័យ ដែលពួកគេនឹងមិនបានជាប់ពាក់ព័ន្ធនៅក្នុងអំពើពុករលួយនោះ។
ក្រុមទី ២ គឺអ្នកដែលត្រូវដាក់ពាក្យប្រកាស ប៉ុន្តែចាំបាច់ត្រូវមានព័ត៌មានលម្អិតអំពីទ្រព្យសម្បតិ្ត និងបំណុលចំណែកក្រុមទី ៣ គឺអ្នកដែលត្រូវដាក់ពាក្យប្រកាស ប៉ុន្តែព័ត៌មានលម្អិតមិនចាំបាច់ប្រកាសជាសាធារណៈទេ៕