ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់​ត្រាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ជោគ​វាសនា​នៃ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន នឹង​ត្រូវ​សម្រេច​នៅ​សប្តាហ៍​ក្រោយ ខណៈ​ក្រុម​ជំនួយការ​ធ្វើ​ដំណើរ​ទៅ​សិង្ហបុរី​ជា​បេសកកម្ម​ត្រៀម​រៀបចំ។

លោក​ត្រាំ បាន​ថ្លែង​ដល់​ជំនួប​នៅ​ថ្ងៃទី ១២ ខែមិថុនា​ម្តង​កើត​ម្តង​មិន​កើត​ឡើង​ថា៖ «នៅ​សិង្ហបុរី យើង​នឹង​ឃើញ។ វា​ពិត​ជា​អាច​កើត​ឡើង»។ «ទោះបី​វា​គឺជា​អ្វី​ក៏ដោយ​ក៏​យើង​នឹង​ដឹង​ច្បាស់​នៅ​សប្តាហ៍​ក្រោយ​ដែរ»។

នៅក្នុង​បទ​សម្ភាស​មួយ​ដែល​ត្រូវបាន​ចាក់ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ដ៏​ពេញ​និយម​របស់​ប្រធានា​ធិបតី​នោះ​គឺ​កម្មវិធី Fox & Friends លោក​ត្រាំ បាន​ថ្លែង​ថា៖ «មាន​ឱកាស​ល្អ ជំនួប​កំពូល​នោះ នឹង​កើត​ឡើង»។

នៅក្នុង​បទ​សម្ភាស​នោះដែរ លោក​បាន​ថ្លែងថា៖ «ប្រសិនបើ​កើតឡើង វា​គឺ​រឿង​ល្អ​សម្រាប់​កូរ៉េខាងជើង។ វា​នឹង​ក្លាយជា​រឿង​អស្ចារ្យ​មួយ​សម្រាប់​ពិភពលោក ដូច្នេះ យើង​ចាំ​មើល​ថា​នឹង​មាន​អ្វី​កើត​ឡើង»។

ក្រុមមន្ត្រី បាន​និយាយថា​ក្រុម​ជំនួយ​ការដែល​ត្រូវបាន​ជ្រើសរើស​យ៉ាង​ពិសេស​នោះ នៅ​ក្នុង​នោះ​មាន​នាយ​រង​សេនាធិការ​លោក Joe Hagin និង​ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​លោក Mira Ricardel កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មាន​ឈ្មោះ​ដូច​រដ្ឋ ដែល​នឹង​រៀបចំ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជំនួប​នោះ។

ពួកគេ​ត្រូវបាន​រំពឹងទុក​ថា​នឹង​ជួប​សម​ភាគី​កូរ៉េខាងជើង​របស់​ពួកគេ និង​ពិភាក្សា​លម្អិត​អំពី​ជំនួប​នោះ។ អ្នក​ការទូត​កំពូល​មក​ពី​ចិន​សម្ព័ន្ធ​យូរ​របស់​ក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​ពុធ បាន​សម្តែង​ក្តី​សង្ឃឹម​ថា ជំនួប​នោះ​នឹង​កើត​ឡើង​តាម​ការ​គ្រោង​ទុក។

នៅ​ក្រុង​វ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​អ្នក​ចង់​ដោះស្រាយ ខណៈ​នេះ​ដល់​ពេល​វេលា​ហើយ។ ប្រសិន​បើ​អ្នក​ត្រូវការ​សន្តិភាព ឥឡូវ​នេះ​ដល់​ពេល​ហើយ»៕