ក្រុង​វ៉ាស៊ីន​តោន៖​ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ថា ​លោក​បាន​និយាយ​ទៅ​កាន់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​គីម​ ជុងអ៊ុន​ តាម​ទូរស័ព្ទ​ជា​ការ​បន្ថែម​ទៅ​លើ​ទម្រង់​នៃ​ទំនាក់ទំនង​របស់​ពួក​គេ ​គឺ​លិខិត​ស្នាម​នោះ។​

លោក ​ត្រាំ​ លើក​ឡើង​អំពី​លោក ​គីម ​ជុង​អ៊ុន ​ខណៈ​ដែល​លោក​បាន​ការពារ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដ៏​ចម្រូង​ចម្រាស​របស់​លោក​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Volodymyr Zelensky​ ដែល​បាន​បម្រើ​ការ​ជា​មូលដ្ឋាន​សម្រាប់​ការ​ស៊ើប​អង្កេត​ពី​ការ​ចោទ​ប្រកាន់​អំពើ​ក្បត់​ជាតិ​ប្រឆាំង​អាមេរិក​។​

លោក ​ត្រាំ បាន​ថ្លែង​ថា ​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ខែ​កក្កដា​ ពិត​ជា​ល្អ​ឥត​ខ្ចោះ ​ហើយ​បាន​បន្ត​លើក​ឡើង​ពី​ការ​សង្ស័យ​ថា ចារបុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​លេច​ធ្លាយ​អត្ថន័យ​នៃ​ការ​សន្ទនា​ទៅ​ដល់​អ្នក​ផ្តល់​ព័ត៌មាន​សម្ងាត់​ម្នាក់ ​ដែល​ជាប់​ទាក់ទិន​នោះ​​។

លោក​ប្រធានាធិបតី ត្រាំ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​​នៅ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​មួយ​នៅ​សេតវិមាន​ជា​ទី​ ដែល​បាន​​​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ​ចំនួន ​២ ​ថា ​ចំណែក​ខ្ញុំ​មិន​ត្រូវ​ការ​ចារបុរស​ទេ​៕ Yonhap/PSA