ក្រុងបាងកក: កាលពី​ថ្ងៃ​អង្គារ ប្រទេស​ថៃ បាន​ស្ម័គ្រចិត្ត​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​បើក​កិច្ច​ជំនួប​កំពូល​រវាង​ប្រធានា​ធិបតី លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ខណៈ​ទីកន្លែង​សម្រាប់​ជំនួប​នោះ មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ។

រដ្ឋមន្ត្រីការបរទេស​ថៃ​លោក Don Pramudwinai បាន​ថ្លែងប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា៖ «ប្រទេស​ថៃ​ត្រៀមខ្លួ​ន​ជា​ស្រេច​ដើម្បី​ធ្វើការ​សម្រប​សម្រួល​និង​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​បើក​កិច្ចចរចា​នេះ» ថ្វី​បើ​លោក​បាន​សង្កត់​ធ្ងន់​ថា ប្រទេស​ថៃ មិន​ទាន់​បាន​ទាក់ទង​ពាក់ព័ន្ធ​បញ្ហា​នៃ​លទ្ធភាព​នេះ​នៅ​ឡើយ​នោះ។ ស្ថានទូត​អាមេរិក បា​នប​ដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ អំពី​បញ្ហា​នេះ​ទេ។

លោក​គីម ជុង​អ៊ុន នឹង​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជេ​អ៊ីន នៅ​ថ្ងៃ​សុក្រ​ខាង​មុខជា​ព្រឹត្តិការណ៍ មួយ​ដែល​ត្រូវបាន​គេ​មើល​ឃើញ​ថា ជា​សកម្មភាព​ជា​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ជំនួប​កំពូល​ជាមួយ​លោក​ត្រាំ។

នៅ​ដើមខែ​នេះ លោក ត្រាំ​បាន​ថ្លែងថា ទីតាំង​ចំនួន ៥ កំពុង​ស្ថិតក្រោម​ការពិចារណា​សម្រាប់​បើក​កិច្ច​ជំនួប «ដែល​ទំនង​ជា​នៅ​ដើម​ខែ​មិថុនា» ដែល​លោក​មាន​ក្តី​សង្ឃឹមថា អាច​ទៅរក​ការចុះ​កិច្ច​ព្រមព្រៀង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង។

ប៉ុន្តែ លោក​មិនបាន​បញ្ជាក់​អំពី​ទីកន្លែង ដោយ​បណ្តាល​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​ធ្វើការ​សន្និដ្ឋាន​អំពី​ទីកន្លែង​ណាមួយ​រាប់​ចាប់​តាំង​ពី​ម៉ុងហ្គោល រហូត​ដល់​តំបន់​ស្កង់ឌីណាវ និង​សិង្ហបុរី។ ប្រទេស​ថៃ គឺជា​សម្ព័ន្ធ​មិត្ត​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​កូរ៉េខាងជើង​ដែរ។ ក្រុម​អ្នក​វិភាគ​មាន​គំនិត​ផ្សេង​គ្នា​អំពី​បញ្ហា​នេះ៕