ក្រុងហ្សាការតាៈ ទាហានឥណ្ឌូនេស៊ីរាប់ម៊ឺននាក់ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវនានានៃក្រុងហ្សាការតាកាលពីថ្ងៃព្រហស្បតិ៍ ខណៈឱសានវាទបានឈានដល់សម្រាប់អ្នកប្រជែងតំណែងប្រធានាធិបតី ដើម្បីដាក់ពាក្យប្តឹងឧទ្ធរណ៍ជុំវិញការអះអាងពីការលួចបន្លំយ៉ាងទូលំទូលាយ នៅក្នុងការបោះឆ្នោតកាលពីខែមុននេះ។
យ៉ាងតិចមនុស្ស ៦ នាក់ បានស្លាប់ ដែលតាមការរាយការណ៍ក្នុងនោះ មានសិស្សវិទ្យាល័យវ័យ ១៧ ឆ្នាំ ម្នាក់ក្រោយពីមានអំពើកុបកម្ម ២ រាត្រី ខណៈប៉ូលិសបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ដែលប្រឆាំងនឹងលោក ជូកូ វីដូដូ ដែលជាប់ឆ្នោតប្រធានាធិបតីជាថ្មី។
អំពើហិង្សានោះ ត្រូវបានបង្កឡើងដោយការអះអាងពីគូប្រជែងរបស់លោក វីដូដូ គឺលោក Prabowo Subianto ជាឧត្តមសេនីយ៍ចូលនិវត្តន៍ថា ការបោះឆ្នោតកាលពីថ្ងៃទី ១៧ ខែ មេសា មានការលួចបន្លំ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ បានអះអាងថា លោក វីដូដូ បានរងការរិះគន់ពីលោក Subianto ដែលគ្រោងដាក់ពាក្យបណ្តឹងផ្លូវការនៅតុលាការរដ្ឋធម្មនុញ្ញនៅព្រឹកថ្ងៃសុក្រនេះ។
បុរសវ័យ ៦៧ ឆ្នាំរូបនេះ បានអំពាវនាវឲ្យភាពស្ងប់ស្ងាត់ និងបានថ្លែងថា លោក នឹងបន្តដំណើរការតាមផ្លូវច្បាប់ដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោតនោះដោយការប្រឆាំងរបស់លោកនឹងលោក វីដូដូ កាលពីឆ្នាំ ២០១៤ បានបរាជ័យ។
ក្រុមមន្ត្រីរៀបចំការបោះឆ្នោត និងអ្នកវិភាគមិនខ្វល់ពីការអះអាងរបស់លោក Subianto ទេ។
ប៉ុន្តែភាគច្រើននៃអ្នកគាំទ្ររបស់លោកទំនងជាជឿថា មានការលួចបន្លំមិនអាចទប់ស្កាត់នៅក្នុងប្រទេសប្រជាធិបតេយ្យធំទី៣ នៅក្នុងពិភពលោក បន្ទាប់ពីឥណ្ឌា និងអាមេរិក។
ផ្លូវនានានៃរដ្ឋធានីនេះ មានភាពស្ងប់ស្ងាត់កាលពីថ្ងៃព្រហស្បតិ៍ ដោយប៉ូលិស និងទាហានបានតាមដានសភាពការណ៍នៅកណ្តាលក្រុងនេះនៅក្នុងនោះមានអគារទីភ្នាក់ងារឃ្លាំមើលការបោះឆ្នោត ដែលជាចំណុចកណ្តាលនៃការផ្ទុះអំពើហិង្សា និងវិមានប្រធានាធិបតី ស្របពេលមានការភ័យខ្លាចកើតមានភាពចលាចលថែមទៀត៕ AFP/PSA