ក្រុងសេ​អ៊ូលៈ ​លោក មូន ជុងអ៊ីន ទីប្រឹក្សា​សន្តិសុខ​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ បាន​ថ្លែង​ថា កូរ៉េ​ខាង​ជើង​​ គួរ​តែ​ចាត់​វិធានការ​ជាក់​ស្តែង​ឈាន​ដល់​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​ទម្លាយ​ភាព​ទាល់​ច្រក​ក្នុង​ការ​ចរចា​ជា​មួយ​ក្រុង​​វ៉ាស៊ីនតោន​ដោយ​បាន​បញ្ជាក់​ថា ភាព​អត់ធ្មត់​របស់​ក្រុង​សេអ៊ូល​ជា​មួយ​ក្រុង​ព្យុងយ៉ាង​ ​​កំពុង​ថយចុះ​បន្តិច​ម្តងៗ។

លោក​ប្រធានាធិបតី​ មូន ជេអ៊ីន ដើរ​តួនាទី​ក្នុង​ការ​សម្រប​សម្រួល​ការ​ចរចា​រវាង​ក្រុង​ព្យុងយ៉ាង​ និង​ក្រុង​វ៉ាស៊ីនតោន ​ដោយ​បាន​នាំ​ឲ្យ​មាន​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ ​២០១៨​ នៅ​​កូរ៉េ​ខាង​ត្បូង​ ​​ដែល​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ការ​ទូត​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ក្រោយ​ពី​ការ​សាកល្បង​​មីស៊ីល ការ​គំរាម​កំហែង​និង​ភាព​តានតឹង​រយៈពេល​ ១ ​ឆ្នាំ​មក​នោះ​។

លោក​ មូន​ ជុងអុី​ន ​និយាយជាមួយ​​អ្នកកាសែត AFP នៅក្រុង​សេអ៊ូល​។ AFP

ប៉ុន្តែ​ជំនួប​កំពូល​លើក​ដំបូង​រវាង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម ​ជុងអ៊ុន​ និង​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ ​នៅ​​ប្រទេស ​សិង្ហបុរី ​កាល​ពី​ខែ​មិថុនា ​ឆ្នាំ ​២០១៨ ​បាន​ធ្វើ​ការ​ប្តេជ្ញា​មិន​ច្បាស់លាស់​ដើម្បី​​ធ្វើ​ការងារ​ឈាន​ទៅ​រក​ការ​លុប​បំបាត់​អាវុធ​​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​៕ AFP/PSA