ក្រុង​រីយោដឹហ្សេនេរ៉ូៈ មេបញ្ចាការ​ជាន់​ខ្ពស់​ម្នាក់ ​បាន​ថ្លែង​​ពី​ថ្ងៃ​ចន្ទ​ថា​ កងទ័ព​ជើង​ទឹក​អាមេរិក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី ​«​ធ្វើ​អ្វី​ជា​ចាំបាច់ ដែល​ត្រូវ​ធ្វើ​» ​នៅ​​ប្រទេស ​វ៉េណេស៊ុយអេឡា​ ខណៈ​ដែល​អាមេរិក​ បាន​បង្កើន​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ញាំញី​ដោយ​វិបត្តិ​​មួយ​នេះ​។​

ប្រមុខ​មេ​បញ្ជាការ​អាមេរិក​ខាង​ត្បូង​លោក​ឧត្តម​នាវីឯក​ ​Craig Faller ​បានថ្លែង​សុន្ធរកថា​នៅ​ក្រុង​រីយោដឹហ្សេនេរ៉ូ​ថា ​អាមេរិក​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​នាវាចរណ៍ UNITAS ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន ​៩​ នៅ​អាមេរិក​កណ្តាល​ អង់គ្លេស​ ព័រទុយហ្គាល់ ​និង​ជប៉ុន​។​

លោក​ Faller ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖ «​ខ្ញុំ​មិន​ចង់​និយាយ​លម្អិត​អំពី​អ្វី​ដែល​យើង​កំពុង​រៀបចំ​ផែនការ​ និង​អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​យើង​នៅ​តែ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច ដើម្បី​អនុវត្ត​គោល​នយោបាយ​របស់​យើង​ ហើយ​យើង​នៅ​តែ​បន្ត​បោះ​ជំហាន​របស់​យើង​ទៅ​មុខ​ជា​និច្ច​»​។​

«កង​ទ័ព​ជើង​ទឹក​អាមេរិក​ គឺ​ជា​កង​​ទ័ព​ដែល​មាន​ឥទ្ធិពល​​ខ្លាំងក្លា​បំផុត​នៅ​លើ​ពិភព​លោក​។ ​ប្រសិន​បើ​យើង​សម្រេច​លើ​គោល​នយោបាយ​មួយ ​ដើម្បី​ដាក់​ពង្រាយ​ទាហាន​ជើង​ទឹក​នោះ​ ខ្ញុំ​ជឿជាក់​ថា​ យើង​នឹង​មាន​សមត្ថភាព​ ធ្វើ​អ្វី​មួយ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​នោះ​បាន​»​។​

សុន្ទរកថា​របស់​លោក​ បាន​ធ្វើ​ឡើង​បាន​ប៉ុន្មាន​សប្តាហ៍​ ក្រោយ​ពី​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បាន​ថ្លែងថា​ លោក​កំពុង​ពិចារណា​អំពី​ «​ការ​រាំង​ខ្ទប់ ​ឬ​ដាក់​ប្រទេស​អាមេរិក​កណ្តាល​មួយ​នេះ​ឲ្យ​នៅ​ឯកោ»​​។​

លោក ​ត្រាំ​ បាន​បង្កើន​ការ​​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស ​វ៉េណេស៊ុយអេឡា ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​​​ខែ​នេះ​ ដោយ​បាន​បញ្ជា​ឲ្យ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​​​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​នេះ​នៅ​អាមេរិក​៕ AFP/SK