ក្រុងសេអ៊ូលៈ វិទ្យុសំឡេងអាមេរិក (VOA) បានរាយការណ៍ថា ទីប្រឹក្សាសនិ្តសុខអាមេរិក លោក ចន បូលតុន បានថ្លែងថា ការបាញ់មីស៊ីលចម្ងាយជិតរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ បានរំលោភបំពានលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែងដល់កូរ៉េខាងត្បូង។
ចាប់តាំងពីថ្ងៃទី ២៥ ខែ កក្កដា មកនោះ ប្រទេស កូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយជិតជាបន្តបន្ទាប់នៅក្នុងនោះមានមីស៊ីលបាលីស្ទិកចំនួន ៥ គ្រាប់ ដើម្បីប្រឆាំងនឹងសមយុទ្ធយោធារួមកូរ៉េខាងត្បូង-អាមេរិក ដែលមើលឃើញថា ជាការហាត់សម ដើម្បីឈ្លានពាន។
លោក បូលតុន បានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយ VOA កាលពីថ្ងៃពុធថា៖ «ការបាញ់តេស្តមីស៊ីលមួយគ្រាប់ក្រោយនេះ យើងហៅឈ្មោះថា មីស៊ីល KN 23 យើងគិតថារយៈចម្ងាយរបស់មីស៊ីលនេះ អាចទៅដល់កូរ៉េខាងត្បូងទាំងមូល និងផ្នែកជាច្រើនរបស់ប្រទេស ជប៉ុន»។
មីស៊ីល KN 23 ត្រូវបានមើលឃើញថាជាប្រភេទមីស៊ីលដូចគ្នានឹងប្រភេទមីស៊ីលបាញ់ពីផ្ទៃរាបទៅលើអាកាស Iskander របស់រុស្ស៊ី ដែលអាចហោះបានចម្ងាយ ៥០០ គីឡូម៉ែត្រ។
លោកទីប្រឹក្សាសន្តិសុខ ចន បូលតុន បានថ្លែងទៀតថា ទោះបីជាការបាញ់តេស្តមីស៊ីលចម្ងាយជិតរបស់កូរ៉េខាងជើងរំលោភបំពានទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្តី ក៏ពួកគេមិនបានក្បត់កិច្ចសន្យាដែលលោក គីម ជុងអ៊ុន បានធ្វើជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែរ ហើយនេះជាការបង្ហាញថា ក្រុងវ៉ាស៊ីនតោននៅតែចង់បើកចំហឲ្យមានការចរចាជាមួយក្រុងព្យុងយ៉ាងដដែល៕ Yonhap/PSA