ក្រុង​ប៊ែរឡាំង៖ ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូរ៉ូណា ​ប្រទេស ​អាល្លឺម៉ង់ ​កំពុង​ធ្វើ​តេស្ត​យ៉ាង​ទូលំទូលាយ​ និង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​ផ្តាច់​ខ្សែ​ចង្វាក់​ចម្លង ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ត្រូវ​បាន​ខ្ចី​ពី​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​ដែល​ទទួល​បាន​​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​ការ​រាលដាល​នៃ​វីរុស​នេះ​ បាន​ក្លាយ​ជា​បំណង​ប្រាថ្នា​របស់​ពិភព​លោក​។

យោង​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​អាល្លឺម៉ង់​ កំពុង​អនុវត្ត​ការ​ធ្វើ​តេស្ត​​ច្រើន​ជាង​ប្រទេស​ដទៃ​នៅ​អឺរ៉ុប ​នៅ​អត្រា​ពី ​៣០ ​ម៊ឺន ​ទៅ ​៥០ ​ម៊ឺន​នាក់ ​ក្នុង ​១ សប្តាហ៍​។

យោង​តាម​ឯកសារ​មួយ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បណ្តាញ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​ជា​ច្រើន​បាន​ឃើញ​នោះ​បាន​ឲ្យ​ដឹង​ថា ​ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោកស្រី​អធិការបតី​អេនជេឡា​ មឺរកែល ​មាន​បំណង​បង្កើន​ការ​តេស្ត​យ៉ាង​តិច ​២០​ ម៊ឺន​នាក់​ក្នុង ​១ ថ្ងៃ​។ ​

គោល​បំណង​នេះ​ នឹង​ត្រូវ​ធ្វើ​តេស្ត​អ្នក​ដែល​សង្ស័យ​ថា ​ពួក​គេ​បាន​ឆ្លង​វីរុស​នេះ ​និង​មនុស្ស​ទាំង​អស់​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ ដែល​ត្រូវ​បាន​គេ​បញ្ជាក់​។ ​

លោក​គ្រូពេទ្យអ​ាល្លឺម៉ង់ ម៉ៃ​ឃើល ហ្គោស ​យក​សំណាក​ពី​អ្នក​បើករថយន្ត​​​តាមបង្ហួ​ច​​​​ ដើម្បី​ធ្វើតេ​ស្តរក​វី​រុស​កូរ៉ូណា​ប្រ​ភេទ​ថ្មី​កាលពីថ្ងៃទី​ ២៧​ ខែមីនា​​។ AFP

លក្ខណ​វិនិច្ឆ័យ​នៃ​ការ​តេស្ត​នា​ពេល​បច្ចុប្បន្ន​នេះ ​ផ្តោត​ទៅ​លើ​អ្នក​មាន​រោគ​សញ្ញា​ជំងឺ​កូវីដ ​១៩ ​និង​បាន​ទាក់ទង​នឹង​ករណី​ដែល​ត្រូវ​គេ​បញ្ជាក់​។ ​

យោង​តាម​ឯកសារ​នោះ​បាន​ឲ្យ​ដឹង​ថា ​គំនិត​នេះ ​គឺ​ត្រូវ​ផ្លាស់ប្តូរ​ពី​ការ​ធ្វើ​តេស្ត​ដែល​បញ្ជាក់​ពី​ស្ថានភាព​​ទៅ​ការ​ធ្វើ​តេស្ត ​ដើម្បី​រក​មេរោគ​នេះ​តែ​ម្តង។ ​

អាវុធ​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​នេះ ​គឺ​ការ​ប្រើប្រាស់​ទិន្នន័យ​ទីតាំង​របស់​ស្មាតហ្វូន ​ដើម្បី​តាមដាន​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ជំងឺ​ ដើម្បី​តាមដាន​មនុស្ស​ ដែល​ឆ្លង​ជា​សក្តានុពល ​ហើយ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​​។

ទោះបី​មន្ត្រី​រដ្ឋាភិបាល​ និង​អ្នក​សិក្សា​រោគ​រាត​ត្បាត​ ​គាំទ្រ​ការ​តាម​ដាន​តាម​​នេះ​ក្តី ​ក៏​វា​នៅ​តែ​ជា​គំនិត​ចម្រូង​ចម្រាស​នៅ​​អាល្លឺម៉ង់​ដែរ៕ AFP/PSA