ជំរឿនចុង​ក្រោយរបស់​ប្រទេសចិន​ បង្ហាញថា ​បុរសជនជាតិចិន​ ប្រហែល ៣០ លាន​នាក់មិនទាន់រៀបការ​ ដោយសារមាន​ចំនួនមនុស្ស​ស្រីតិចមិន​សមាមាត្រ​គ្នា ដែលបញ្ហានេះ​ទំនងជា​មិនត្រូវ​បានដោះស្រាយ​នៅពេលឆាប់ៗ​នេះទេ។​

យោងតាម​ជំរឿនប្រជាជន​ថ្នាក់ជាតិ​លើកទី៧ របស់​ប្រទេសចិន​ ដែលបាន​ប្រកាសដោយ​ការិយាល័យ​ស្ថិតិជាតិ​កាលពី​សប្តាហ៍មុន​ក្នុង​ចំណោម​ទារក​ ១២​ លាននាក់ ​ដែល​បាន​កើតកាល​ពីឆ្នាំ​មុន​មានក្មេង​ប្រុស​ចំនួន ១១១,៣ ​នាក់​សម្រាប់​ក្មេងស្រី​ ១០០ នាក់​។

លោក Jiang Quanbao ​សាស្រ្តាចារ្យ​ផ្នែក​ប្រជាសាស្ត្រ​នៃ​សាកល​វិទ្យាល័យ ​Xian Jiaotong បាន​និយាយថា៖ «គេប៉ាន់​ប្រមាណថា​នៅចន្លោះ ​ឆ្នាំ ១៩៨០​ និង ២០២០​ មាន​មនុស្ស​ប្រុសប្រហែល​ជា ៣០ លាន​ទៅ ​៤០ លាន​នាក់ច្រើន​ជាងកើត​ នៅ​ប្រទេសចិន​ ជាងស្ត្រី​ដែល​ធ្វើ​ឱ្យ​មានកង្វះ​នៃ​មនុស្ស​សម្រាប់​រៀប​អាពាពិពាហ៍»។

លោកបាន​និយាយថា ​គោលនយោបាយ​កូនតែ១របស់​ប្រទេសចិន ​ដែល​បាន​អនុវត្ត​នៅឆ្នាំ ១៩៧៩ និងបាន​ដកចេញ​នៅឆ្នាំ​ ២០១៦ ​បានធ្វើឱ្យ​មានការ​រំលូតកូនស្រី​ ដែលភាគ​ច្រើន​ជនជាតិចិន​ចង់បាន​កូន​ប្រុសជាង​។

ការិយាល័យ​ស្ថិតិ​ជាតិចិន​បាននិយាយថា ​អត្រានៃ​ការមាន​កូន ​របស់​ប្រទេសចិន​ គឺ​មានកុមារ ១,៣ នាក់ ​ក្នុងស្ត្រីម្នាក់​ពោល​ គឺ​ទាបជាង​ចំនួនដែល​ត្រូវការ​ ដើម្បីរក្សា​ប្រជាជនឱ្យ​មានស្ថិរ​ភាព​គឺ ២,១ នាក់​ចំពោះ​ស្រ្តីម្នាក់។

គោលនយោបាយ​កូនតែ ១​ បង្កើតឡើង ​ដើម្បីកាត់​បន្ថយកំណើន​ប្រជាជន។​ អ្វីដែល​គួរ​ឱ្យ​ កត់សម្គាល់​នោះ គឺ​សមាមាត្រ​ភេទទូទៅ​របស់ប្រទេសនេះ​ គឺបុរសមាន​ច្រើន​ជាងស្រ្តី។

ជាទូទៅកូន​ប្រុសត្រូវបាន​ប្រជាជន​ចិនពេញចិត្ត​ជាងកូន​ស្រី​ជាពិសេស​នៅតំបន់​ជនបទ។ តាម​ទំនៀមទម្លាប់​ចិន​កូនប្រុស​ទទួល​នាមត្រកូល និងទ្រព្យ​សម្បត្តិហើយ​ទទួលខុស​ត្រូវចំពោះ​ការថែទាំ​ឪពុកម្តាយ​វ័យចំណាស់​។

នៅពេលដែល​គ្រួសារភាគ​ច្រើនត្រូវ​បានគេដាក់​កម្រិត​លើការមាន​កូនតែ ១​ បណ្តាល​ឱ្យ​ មានករណី​រំលូតកូន​ស្រីកើន​ឡើង។​ ក្រៅ​ពី​ការរំលូតកូន​ កុមារីមួយ​ចំនួនត្រូវ​បានគេ​ដាក់នៅ ក្នុងមណ្ឌល​កុមារ​កំព្រា​ឬ​បោះបង់​ចោល​។

លោក Cai Yong​ សាស្ត្រាចារ្យ​រងផ្នែក​ប្រជាសាស្ត្រ​សង្គមនៅ​សាកល​វិទ្យាល័យ​ North Carolina មាននិយាយថា ​បុរសមក​ពីវណ្ណៈ​សង្គមទាប​ប្រឈមនឹង​ការ​លំបាកបំផុត​ក្នុងការស្វែង​រកកូន​ក្រមុំ​ ដើម្បី​រៀបការ។

លោកបាន​និយាយថា៖ ​«ពួកគេមិន​មាន​ជំនាញច្បាស់លាស់ ​និង​ពិបាកក្នុង​ការ​ប្រកួត​ប្រជែង។ ពួកគេភាគ​ច្រើនមក​ពី​តំបន់​ជនបទ​ហើយមិន​សូវទទួល​បានការអប់រំ​ច្រើន​ឡើយ»​។

លោក Cai ​បាន​បន្តនិយាយថា ​នៅ​ប្រទេសផ្សេង​បុរស​ទាំងនោះ ​អាចរៀបការ​ជាមួយ​នារីនៅ តាម​បណ្តា​ប្រទេសផ្សេង ​ប៉ុន្តែទំហំ​នៃបញ្ហានៅ​ក្នុង​ប្រទេសចិន មិន​មែន​ជា​ការងាយស្រួលនោះទេ។​ លោកបាន​និយាយថា ​មានបុរស​ ២០ ទៅ ៣០​ លាននាក់ ​ដែលកំពុង​ស្វែងរកប្រពន្ធ​ដែលចំនួននេះ​ គឺច្រើនជាង​ប្រជាជន​ទាំងមូល​នៃ​ប្រទេស​មួយ​ចំនួន​ផងដែរ​។

លោកស្រី ​Isabelle Attane ​អ្នកស្រាវជ្រាវ​នៅវិទ្យាស្ថានបារាំង​សម្រាប់​ការ​សិក្សា​ប្រជាសាស្ត្របាន​និយាយថា​ កង្វះស្ត្រី​នៅ​ប្រទេស​ចិន បាន​ធ្វើឱ្យស្ថាន​ភាព​សង្គម​របស់ពួក​គេមានភាព​ប្រសើរ​ឡើង​បន្តិច។ ឪពុកម្តាយ​ចិនអាចនឹង​ចាប់ផ្តើម​ឱ្យតម្លៃកូន​ស្រី​ ហើយអាច​ទុកចិត្តថា​ មានអ្នក​មើលថែ​ពួកគេ​នៅវ័យ​ចំណាស់។

ជាលទ្ធផល​លោកស្រី A​ttane​ បាន​និយាយថា ​លោកស្រី​រំពឹងថា​ អត្រា​សមាមាត្រ​ភេទ​របស់ទារកនៅ​ប្រទេសចិន​ នឹងមាន​លក្ខណៈ​ធម្មតា​នៅ​ទសវត្សរ៍​ក្រោយ។ ​ជា​មធ្យមពិភព​លោកគឺ​ក្មេងប្រុស​ប្រហែល ១០៥​ ​នាក់​ សម្រាប់​ក្មេងស្រី​ ១០០ ​នាក់​។

បើប្រៀបធៀប​នឹង​សម័យ​បុរាណ​ឈ្មោះ​គ្រួសារ​មិន​សូវសំខាន់​នៅក្នុង​សតវត្សរ៍​ទី២១ ​ឡើយ ដោយ​មាន​កុមារ​កាន់តែ​ច្រើនឡើងៗ​បានយកឈ្មោះ​គ្រួសារ​របស់ម្តាយ​ពួកគេ។ ​ការផ្លាស់ប្តូរមួយនេះ​ គឺលេច​ឡើងបន្ទាប់​ពីមានការ​បន្ធូរបន្ថយ​គោលនយោបាយ​កូនតែ ១​ របស់​ប្រទេសចិន​៕