ក្រុងបាងកក៖ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ទៅលើទីក្រុងមួយចំនួននៅមីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់ប្រទេសថៃ ក្រោយពីបានដឹងថា ប្រទេសនេះកាលពីថ្ងៃពុធ បានរាយការណ៍ថា មានករណីឆ្លងថ្មីជំងឺកូវីដ ១៩ ចំនួន ៥៩២ នាក់។
លោក សុវណ្ណាឆៃ វ៉ាតតាណាយីង-ចារើនឆៃ ជាប្រធានក្រសួងគ្រប់គ្រងជំងឺ DDC បានថ្លែងកាលពីថ្ងៃពុធថា ស្ថានការណ៍ជំងឺកូវីដ ១៩ នៅប្រទេសមីយ៉ាន់ម៉ា គឺមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដូច្នេះប្រតិបត្តិការអាជីវកម្មមួយចំនួនគួរឈប់ជួលក្រុមបុគ្គលិកបរទេសជាពិសេសប្រជាជនមីយ៉ាន់ម៉ា ដើម្បីជួយទប់ស្កាត់រលកនៃការឆ្លងជំងឺកូវីដ ១៩ លើកទី២ នៅក្នុងប្រទេសថៃ បច្ចុប្បន្ន។
លោក សុវណ្ណាឆៃ បានកំពុងថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ ក្រោយពីបានដឹងអំពីចំនួននៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ថ្មី នៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងកាលពីថ្ងៃពុធ ដោយបានធ្វើឱ្យចំនួនសរុបនៃការឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីចម្លែកនេះ កើនរហូតដល់ ៦ ៧៤៣ នាក់។
លោកបានថ្លែងថា ចំនួនអ្នកជំងឺបានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺស្របទៅតាមនិន្នាការស្រដៀងគ្នានៅក្នុងប្រទេសឥណ្ឌា ដែលមានករណីឆ្លងថ្មី បានឈានដល់ជិត ១ សែននាក់ ជារៀងរាល់ថ្ងៃ។ ប្រទេសខ្លះបានចែករំលែកព័ត៌មាននៅតាមព្រំដែន ដែលបានបណ្តាលឱ្យមន្ត្រីសន្តិសុខ និងសុខាភិបាលសាធារណៈឃ្លាំមើលស្ថានការណ៍នោះយ៉ាងយកចិត្តទុកដាក់បំផុត។
លោកបានថ្លែងថា ការឆ្លងវីរុសនៅក្នុងប្រទេសក្បែរខាងខ្លះ ជាប់ព្រំដែនថៃ គឺជាការព្រួយបារម្ភមួយ៕ BKP/SK