បុរី​ញូវ​យ៉ក​: ​នៅ​ក្នុង​របាយ​ការណ៍​មួយ​ដែល​​ AFP ​ទទួល​បាន​កាល​ពី​ថ្ងៃ​ពុធ​ បាន​ឲ្យ​ដឹង​ថា ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ ​(​UN​)​ លោក ​Antonio​ Guterres​ កំពុង​ធ្វើ​ការ​អំពាវ​នាវ​ដល់​ក្រុម​ហេសបូឡាហ៍ ​(​Hezbollah​)​ មិន​ឲ្យ​ធ្វើ​សកម្ម​ភាព​យោធា​ នៅ​ខាង​ក្នុង​ទឹក​ដី ​លីបង់ ​និង​ទី​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​។​

នៅ​ក្នុង​របាយ​ការណ៍​មួយ​បញ្ជូន​ ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិ​សុខ ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ Guterres​ បាន​ឲ្យ​ដឹង​ថា​៖​ «​ការ​ធានា​របស់​ក្រុម​ហេសបូឡាហ៍​នូវ​សមត្ថ​ភាព​យោធា​ដ៏​ធំ​ និង ​មាន​លក្ខណៈ​ទំនើប​នៅ​ខាង​ក្រៅ​ការ​ត្រួត​ត្រា​របស់​រដ្ឋា​ភិបាល ​លីបង់​ នៅ​តែ​ជា​បញ្ហា​ប្រកប ​ដោយ​ក្តី​កង្វល់​ខ្លាំង​»​។​

ប្រមុខ ​UN​ បាន​អំពាវ​នាវ​សុំ​ឲ្យ​ក្រុម​ចលនា​ស៊ីអុីត​បញ្ឈប់​ «​សកម្ម​ភាព​យោធា​បែប​ណា​មួយ​ នៅ​ខាង​ក្នុង ​ឬ ​ខាង​ក្រៅ​ទឹក​ដី​របស់​លីបង់​»​ ឲ្យ​ស្រប​តាម​សេច​ក្តី​សម្រេច​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ក្នុង​ឆ្នាំ ​២០១៤​។​

លោក​បាន​ថ្លែង​ថា​៖ ​«​រដ្ឋា​ភិបាល​លីបង់ ​ត្រូវ​តែ​ទប់​ស្កាត់​ក្រុម ​ហេសបូឡាហ៍ ​កុំ​ឲ្យ​កសាង​សមត្ថ​ភាព​យោធា​ប៉ារ៉ា​ នៅ​ខាង​ក្រៅ​រដ្ឋ​អំណាច​»​។​

របាយ​ការណ៍​នោះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នា​ខែ​នេះ​ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្រុម ​ហេសបូឡាហ៍ ​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​សភា​ លីបង់​ ដោយ​ធ្វើ​ការ​រិត​បន្តឹង​ឥទ្ធិ​ពល​នយោបាយ​របស់​ចលនា​គាំទ្រ​ដោយ​ស៊ីរី​។​

លោក​ Guterres​ បាន​អំពាវ​នាវ​សុំ​ឲ្យ​ក្រុម​ប្រ​ទេស​នៅ​ក្នុង​តំបន់​ ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម ​ហេសបូឡាហ៍​ ធ្វើ​ការ​ជំរុញ​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​នេះ​ធ្វើ​ការ​កែ​ប្រែ​ឲ្យ​ក្លាយ​ទៅ​ជា​គណ​បក្ស​នយោបាយ​ស៊ីវិល ​តែ​មួយ​និង​ដាក់​អាវុធ​ចុះ​។​

ដោយ​ត្រូវ​បាន​អាមេរិក ​ចុះ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​នោះ​ក្រុម​ហេសបូឡាហ៍​ពេល​នេះ​កំពុង​វាយ​ប្រយុទ្ធ​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​ ក្នុង​នាម​កង​កម្លាំង​រដ្ឋា​ភិបាល​និង​នៅ​ក្នុង​ទឹក​ដី​អុីរ៉ាក់​រួម​ជា​មួយ​ក្រុម​ទាហាន ​ប៉ារ៉ា ​​ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​គាំទ្រ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​ក្នុង​ទឹក​ដី​យេម៉ែន​។​

កិច្ច​ខិត​ខំ​ជា​អន្តរ​ជាតិ​ក្នុង​ការ​ទប់​ស្កាត់​ក្រុម​នេះ​បាន​បរាជ័យ​ស្ទើរ​ទាំង​ស្រុង​​រួម​ទាំង​ទណ្ឌ​កម្ម​ពី​ អាមេរិក ​និង ​អឺរ៉ុប ​ជា​ច្រើន​ជុំ​និង​សង្គ្រាម​អូស​បន្លាយ​រយៈ​ពេល​មួយ​ខែ​ជា​មួយ​អុីស្រាអែល​ក្នុង​ឆ្នាំ​ ២០០៦​។​

ក្រុម​ប្រឹក្សា​សន្តិសុខ​កំណត់​កាល​ធ្វើ​ការ​ពិភាក្សា​គ្នា​អំពី​របាយ​ការណ៍​នេះ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕​