ក្រុង​វ៉ាស៊ីនតោន៖ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន ​គឺ​លោក ​ថារូ ​កូណូ ​បាន​បញ្ជាក់​អំពី​តម្រូវ​ការ​​ចាំបាច់​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​ចុះ​បញ្ជី​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​ចិន​ថា ​បាន​គំរាម​ប្រទេស​ជប៉ុន​ និង​ដូច​ជា​គំរាម​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ នៅ​ក្នុង​តំបន់​ដែរ។​

លោក ​ថារូ ​កូណូ​ បាន​ថ្លែង​ថា៖ «ប្រទេស​ចិន ​បាន​កំពុង​បង្កើន​ការ​ចំណាយ​ទៅ​លើ​វិស័យ​ការពារ​ជាតិ​របស់​ពួក​គេ​កាន់​តែ​ច្រើន​ឡើង​ នៅ​ក្នុង​រយៈពេល ​៣០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​» ​ដោយ​បាន​បញ្ជាក់​ថា​ ការ​ចំណាយ​ទៅ​លើ​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​ចិន​ បាន​ហក់​ឡើង​ដល់​ទៅ ​៤៤ ​ដង​ នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​។​

ប្រមុខ​ការពារ​ជាតិ​ជប៉ុន​ បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​មួយ​បាន​រៀបចំ​ដោយ​មជ្ឈមណ្ឌល ​ដើម្បី​យុទ្ធសាស្ត្រ​ និង​ការ​សិក្សា​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន​ថា៖ ​«បន្ថែម​ពី​នោះ​ យើង​បាន​មើល​ឃើញ​ប្រទេស​កូរ៉េ​ខាង​ជើង​ ជា​ប្រទេស​កំពុង​អភិវឌ្ឍ​សមត្ថភាព​មីស៊ីល​កាន់​តែ​ខ្លាំង​ឡើង​។​ យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ចំពោះ​គោល​បំណង​របស់​ពួក​គេ​»​។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​បាន​បញ្ជាក់​ថា ​ប្រទេស​របស់​លោក​បាន​ស្វះស្វែង​រក​ ដើម្បី​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​បាលីស្ទិក ​Aegis Ashore​ នៅ​ចំ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ បាន​បាញ់​មីស៊ីល​មុន​ជំនួប​កំពូល​អាមេរិក​ កូរ៉េ​ និង​កូរ៉េ​ខាង​ជើង​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ ​២០១៨​។​

លោក​បាន​ថ្លែង​ថា ​ក្រុង​តូ​ក្យូ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​ដក​ចេញ​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​នោះ​ ជុំវិញ​ហេតុផល​សុវត្ថិភាព​៕ Yonhap/SK