ក្រុងបានដាអាសេៈ ចំនួន​អ្នកស្លាប់​បណ្តាលមកពី​ការឆេះ​អណ្តូងប្រេង​ខុសច្បាប់​មួយ​នៅ​ឥណ្ឌូនេស៊ី បាន​ឡើង​ដល់ ១៥ នាក់​ហើយ និង​រាប់សិប​នាក់​រង​របួស និង​មាន​ការ​ព្រមាន​ថា អាច​មាន​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ថែម​ទៀត។

រូបភាព​ជាច្រើន​ពី​ឧប្បត្តិហេតុ​នោះ បានបង្ហាញ​ឲ្យ​ឃើញ​អណ្តាតភ្លើង​បាញ់​ឡើង​ទៅ​លើ​អាកាស​ប្រហែល ៧០ ម៉ែត្រ​ពី​លើ​ផ្ទះ​សំបែង​រាប់​សិប​ខ្នង​នៅ​ក្នុង​សហគមន៍​តូច​មួយ​នៅ​ក្នុង​ខេត្ត​អាសេ​នៃ​កោះ​ស៊ូម៉ាត្រា។

កាលពី​រសៀល​ថ្ងៃ​ពុធ ក្រុម​អ្នក​ពន្លត់ អគ្គីភ័យ​នៅ​តែ​ប្រឹង​ប្រែង​ពន្លត់​អណ្តាត​ភ្លើង​ដែល​បង្ក​ឡើង​ដោយ​ប្រេង​នៅ​ម៉ោង​ប្រហែល ១ និង ៣០ នាទី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ក្នុង​តំបន់​លំនៅឋាន​មួយ។ ផ្ទះ​សំបែង​ជា​ច្រើន​ខ្នង​ក៏ត្រូវ​បាន​បំផ្លាញ។

លោក Syahrizal Fauzi ប្រធាន​ភ្នាក់ងារ​ដោះស្រាយ​គ្រោះមហន្តរាយ​ក្នុង​តំបន់​បាន​ថ្លែង​ថា៖ «ចំនួន​អ្នក​ស្លាប់​នៅ​ត្រឹម ១៥ នាក់​ដដែល»។ «យើង​នៅ​តែ​មិន​អាច​គ្រប់គ្រង​អគ្គិភ័យ​នោះ​បាន។ យើង​មិន​ដឹង​ថា​តើ​នៅ​មាន​ជន​រង​គ្រោះ​ប៉ុន្មាន​នាក់​ទៀត​ដោយសារ​យើង​មិន​អាច​ទៅ​ជិត​បាន»។

ពីដំបូង ក្រុម​អាជ្ញាធរ បាន​និយាយថា មនុស្ស​យ៉ាងតិច ១០ នាក់ បាន​ស្លាប់​និង​ជន​រង​គ្រោះ​ប្រហែល ៤០ នាក់ ដែល​រង​របួស​ធ្ងន់ធ្ងរ កំពុង​ត្រូវ​បាន​ព្យាបាល។

អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​លោក Setyo Wasisto បាន​ថ្លែង​ថា៖ «មនុស្ស​មួយក្រុម​ជីក​អណ្តូង​ចាស់​នោះ ហើយ​អគ្គិភ័យ​ក៏បាន​ឆាប​ឆេះ​ឡើង»។

ប៉ូលិស និយាយថា ជនរ​ងរ​គ្រោះ​បាន​ប្រមូលយក​ប្រេង​ចេញ​ពី​អណ្តូង​ប្រេង​នោះ៕