កាលពីថ្ងៃពុធ ឬទី ២១ តុលា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់អាមេរិកលោក John Ratcliffe បាននិយាយថា ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់បានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។ លោកថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ដែលមានការចូលរួមពីលោក Chris Wray នាយក FBI ផងដែរ។
ការប្រកាសរបស់លោក Ratcliffe បានបង្ហាញយ៉ាងច្បាស់ពីការព្រួយបារម្ភក្នុងកម្រិតប្រកាសអាសន្នមួយ ដែលមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកចង់បង្ហាញថា មានតួអង្គបរទេសកំពុងព្យាយាមធ្វើឱ្យទំនុកចិត្តពលរដ្ឋអាមេរិកទៅលើភាពត្រឹមត្រូវនៃការបោះឆ្នោតបាត់បង់ និងមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។
លោក Ratcliffe បាននិយាយថា ប្រទេសអ៊ីរ៉ង់ គឺជាអ្នកទទួលខុសត្រូវចំពោះអ៊ីមែលដែលធ្វើឱ្យមើលទៅដូចជាសារនេះផ្ញើមកពីគេហទំព័ររបស់ Proud Boys មានភ្ជាប់ជាមួយការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការលួចបន្លំសន្លឹកឆ្នោតតាមរយៈវីដេអូនៅក្នុងអ៊ីមែលមួយចំនួន។បើតាមលោក Ratcliffe វីដេអូខ្លះត្រូវបានកាត់តដោយអ្នកជំនាញដែលព្យាយាមបង្ហាញថា ការក្លែងបន្លំសន្លឹកឆ្នោតក្លែងក្លាយអាចនឹងកើតមាន។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិបានបន្ថែមថា៖ «ទិន្នន័យអាចត្រូវបានប្រើដោយជនបរទេសក្នុងការប៉ុនប៉ងផ្តល់ព័ត៌មានមិនពិតដល់អ្នកបោះឆ្នោត។ ចេតនានៃការផ្ញើសារនេះ ពួកគេសង្ឃឹមថា នឹងបង្កឱ្យមានភាពច្របូកច្របល់ភាពវឹកវរ និងធ្វើឱ្យខូចទំនុកចិត្ត របស់ប្រជាជនចំពោះលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក»។
ជាងនេះទៅទៀត លោក Ratcliffe បានសង្កត់ធ្ងន់ថា៖ «យើងបានដឹងថា ព័ត៌មានរបស់អ្នកបោះឆ្នោតមួយចំនួនត្រូវបានប្រទេសអ៊ីរ៉ង់ ទទួលបាន ហើយខ្លះទៀតប្រទេសរុស្ស៊ី ជាអ្នកទទួលបាន ហើយមន្ត្រីរដ្ឋាភិបាលបានរកឃើញថា អ៊ីរ៉ង់ផ្ញើអ៊ីមែលក្លែងបន្លំ ដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត ញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម និងបំបាក់ប្រធានាធិបតី Donald Trump»។
អ្នកនាំពាក្យសាកលវិទ្យាល័យមួយនៅរដ្ឋហ្វ្លរីដាបាននិយាយថា មានមនុស្ស ១៨៣ នាក់ រួមទាំងនិស្សិត បុគ្គលិក និងអតីតនិស្សិតបានទទួលអ៊ីមែលបែបនេះ។ លោក Kristen Clarke ជាប្រធាន និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការមេធាវី ដើម្បីសិទ្ធិស៊ីវិលស្របតាមច្បាប់ (Committee for Civil Rights Under Law) បាននិយាយថា គណៈកម្មាធិការទទួលបានសេចក្ដីរាយការណ៍ប្រហែល ៣៦ ពីអ្នកបោះឆ្នោតដែលពួកគាត់ទទួលបានសារអ៊ីមែលស្រដៀងៗគ្នាកាលពីថ្ងៃអង្គារ ហើយយ៉ាងហោចណាស់ ១ ក្នុងចំណោមនោះ គឺមកពីរដ្ឋអារីហ្សូណា។
ក្នុងនោះខ្លឹមសារអ៊ីមែលមួយដែលផ្ញើទៅអ្នកបោះឆ្នោតនៅរដ្ឋហ្វ្លរីដាបានសរសេរថា៖ «អ្នកនឹងបោះឆ្នោតឱ្យ Trump នៅថ្ងៃបោះឆ្នោត ឬក៏យើងនឹងទៅតាមអ្នក»។ អ៊ីមែលនេះត្រូវបានផ្ញើពី «info@officialproudboys.com» ហើយទាមទារឱ្យបុគ្គលនោះបោះឆ្នោតឱ្យ Trump។
គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកធ្លាប់បានព្រមានថា អ៊ីរ៉ង់អាចនឹងជ្រៀតជ្រែកធ្វើឱ្យលោក Trump ចាញ់ឆ្នោត ហើយរុស្ស៊ីកំពុងព្យាយាមជួយគាត់ក្នុងការបោះឆ្នោត។ អ្នកជំនាញក្រៅរដ្ឋាភិបាលបាននិយាយថា ប្រសិនបើអ្វីដែលលោក Ratcliffe និយាយពិតជាត្រឹមត្រូវអ៊ីរ៉ង់នឹងព្យាយាមធ្វើយ៉ាងណាឱ្យលោក Trump មើលទៅមិនល្អដោយអំពាវនាវឱ្យមានការគាំទ្រការគំរាមកំហែង។
ឆ្លើយតបនឹងការចោទប្រកាន់អ្នកនាំពាក្យស្ថានបេសកកម្មអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិបានបដិសេធថា អ៊ីរ៉ង់មិនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Alireza Miryousefi អ្នកនាំពាក្យរបស់អ៊ីរ៉ង់បាននិយាយថា៖ «អ៊ីរ៉ង់គ្មានការចាប់អារម្មណ៍ក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់អាមេរិកទេ ហើយក៏មិនចាប់អារម្មណ៍ចំពោះលទ្ធផលដែរ»។
ងាកមកមេដឹកនាំសំឡេងភាគតិចនៃបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាលោក Chuck Schumer ដែលបានទទួលដំណឹងនេះនៅក្នុងសន្និសីទកាសែតស្តីពីសន្តិសុខបោះឆ្នោតកាលពីរសៀលថ្ងៃពុធបាននិយាយថា លោកមិនយល់ស្របជាមួយនឹងអ្វីដែលលោក Ratcliffe លើកឡើងថាអ៊ីរ៉ង់កំពុងព្យាយាមធ្វើបាបលោក Trump។ លោក Schumer បានប្រាប់សារព័ត៌មាន MSNBC ថា៖ «ខ្ញុំដឹងច្បាស់ថាចេតនារបស់អ៊ីរ៉ង់ក្នុងករណីនេះ និងប្រទេសរុស្ស៊ី ក្នុងករណីជាច្រើនទៀត គឺចង់ធ្វើឱ្យអន្តរាយដល់ទំនុកចិត្តក្នុងការបោះឆ្នោតរបស់ប្រទេសយើង។ តែសកម្មភាពនេះខ្ញុំមិនជឿថា មានគោលបំណងក្នុងការបង្អាប់ប្រធានាធិបតី Trump ឡើយ»។
យ៉ាងណាក៏ដោយអ៊ីមែលនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតហើយប្រភពព័ត៌មានស៊ើបការណ៍មួយបាននិយាយថា គេនៅមិនទាន់ច្បាស់ថា នរណានៅពីក្រោយការផ្ញើអ៊ីមែលនេះ នៅឡើយទេ។ ប្រភពពីរដ្ឋាភិបាលមួយផ្សេងទៀតបាននិយាយថា មន្រ្តីសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតថា តើប្រជាជនអ៊ីរ៉ង់បានលួចចូលទៅក្នុងបណ្តាញ ឬគេហទំព័ររបស់ Proud Boys ដើម្បីចែកចាយឯកសារគំរាមកំហែងដែរឬទេ។ ប្រភពនេះបាននិយាយថា ក្រុមមន្រ្តីសហរដ្ឋអាមេរិកសង្ស័យរដ្ឋាភិបាលអ៊ីរ៉ង់មានជាប់ពាក់ព័ន្ធ ប៉ុន្តែភ័ស្តុតាងនៅតែមិនច្បាស់ការណ៍។
ចំណែកលោក Trump ក្នុងជំនួបមួយនៅរដ្ឋ North Carolina មិនបាននិយាយទាក់ទងនឹងសេចក្តីប្រកាសនោះទេ ប៉ុន្តែបានអះអាងម្តងហើយម្តងទៀតថា អ៊ីរ៉ង់ប្រឆាំងនឹងការចង់កាន់តំណែងជាថ្មីរបស់លោក។ លោកបានសន្យាប្រសិនបើលោកឈ្នះ ១ អាណត្តិទៀត លោកនឹងឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់យ៉ាងឆាប់រហ័ស ដែលស្តីពីកម្មវិធីនុយក្លេអ៊ែរ។
លោកបាននិយាយថា៖ «អ៊ីរ៉ង់មិនចង់ឱ្យខ្ញុំឈ្នះទេ។ ប្រទេសចិន មិនចង់ឱ្យខ្ញុំឈ្នះនោះទេ។ អ្វីដែលខ្ញុំនឹងទទួលបានដំបូងគេ បន្ទាប់ពីយើងបានឈ្នះឆ្នោត គឺធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់»៕
សុខ ស្រីលុច