ក្រុង​ឡូម៉ូឌែលប៉ីណូៈ ​ក្រុម​អាជ្ញាធរ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ភ្លើង​ឆេះ​ព្រៃ​រាលដាល​យ៉ាង​ឆាប់​រហ័ស​​នៅ​កោះ Gran Canaria នៅ​ថ្ងៃ​​ឈប់​សម្រាក​នៃ​ប្រទេស ​​អេស្ប៉ាញ បាន​បង្ខំ​ឲ្យ​មនុស្ស​ប្រហែល ​៥ ពាន់​​នាក់​ ត្រូវ​​បាន​ជម្លៀស​ខ្លួន​​ ដោយ​​ព្រមាន​ថា ត្រូវ​ប្រើ​ពេល​ច្រើន​​ថ្ងៃ ​ដើម្បី​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នេះ។ ​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ប្រធានាធិបតី​​កោះ ​Canary ​លោក ​Angel​ Victor ​Torres ​បាន​ថ្លែង​ថា​ ភ្លើង​​​​ឆេះ​ព្រៃ​នេះ ​បាន​រាលដាល​ដល់​តំបន់​ភ្នំ​ Cruz de Tejeda ​​ដែល​មាន​ទេសភាព​ល្អ​ស្រល់​បំព្រង​​ដោយ​មាន​ទេសចរ​​យ៉ាង​ច្រើន ​មក​ទស្សនា​ និង​​ថត​រូប​ទេសភាព​ដ៏​អស្ចារ្យ​នេះ ត្រូវ​បាន «​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​​​​មិន​អាច​គ្រប់គ្រង​បាន​»។​

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ៦០០ ​នាក់ ​និង​យន្តហោះ ​១៤ ​គ្រឿង​ បាន​ប្រឹងប្រែង​​ប្រយុទ្ធ​ជាមួយ​នឹង​​អណ្តាត​ភ្លើង​​ ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ គឺ​ខ្យល់​ខ្លាំង និង​​​រំខាន​ដោយ​ខ្យល់​ និង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​​។​

ដោយ​សីតុណ្ហភាព​ឡើង​កម្តៅ​ខ្លាំង​កាល​ពី​ថ្ងៃ​ចន្ទ​ ក្រុម​អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា ​​​ភ្លើង​នេះ​អាច​​បន្ត​ឆេះ​ជា​ច្រើន​ថ្ងៃ​ទៀត​មុន​នឹង​ត្រូវ​គ្រប់គ្រង​បាន​ទាំង​ស្រុង​នោះ​​​។​

លោក​ថ្លែង​ថា​៖ «ប៉ុន្មាន​​ម៉ោង​ក្រោយ​នេះ អាកាសធាតុ​មិន​ល្អ​ទាល់​តែ​សោះ​​»​៕​ AFP/SK