ក្រុងខាត់ថ្មាន់ឌូៈ អ្នកតវ៉ារាប់សិបនាក់នៅប្រទេសនេប៉ាល់ បានរងរបួសនៅក្នុងការប៉ះទង្គិចជាមួយប៉ូលិសក្នុងបាតុកម្មគាំទ្រវេជ្ជបណ្ឌិតធ្វើកូដកម្មអត់អាហារ ដែលបានខិតខំស្វែងការគាំពារសុខភាពនៅក្នុងប្រទេសក្រីក្រមួយនេះឲ្យបានល្អប្រសើរ។
ពលរដ្ឋរាប់ពាននាក់បានឡើងតាមដងផ្លូវកាលពីសៅរ៍ ដោយមានសាមគ្គីភាពជាមួយលោកវេជ្ជបណ្ឌិត Govinda KC ដែលបានធ្វើកូដកម្មបង្អត់អាហារ ដើម្បីទាមទារឲ្យមានការកែទម្រង់នៅក្នុងវិស័យសុខាភិបាល និងអប់រំ។
ក្រុមអ្នកតវ៉ាមកពីក្រុមយុវជននេប៉ាល់Tarun Dal ជាក្រុមយុវជនរបស់បក្សប្រឆាំងនេប៉ាល់ ត្រូវរងរបួសនៅពេលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើដំបងខណៈពួកគេចូលទៅតំបន់មួយដែលការពារតឹងរុឹងនៅក្បែរសភារដ្ឋធានីក្រុងខាត់ថ្មាន់ឌូ។
កាលពីថ្ងៃអាទិត្យ ក្រុមសកម្មជន បាននិយាយថា ពួកគេគ្រោងធ្វើការតវ៉ាជាច្រើនទៀត បន្ទាប់ពីការប៉ះទង្គិចនោះ៕ PSA