ក្រុងបេរូត: ក្រុម​ឃ្លាំមើល សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា កងទ័ព​របប​ស៊ីរី​ជាង ១២ នាក់​ត្រូវ​បាន​សម្លាប់​អំឡុង​ការ​វាយ​ប្រហារ​ជាមួយ​ក្រុម​រដ្ឋ​អ៊ិស្លាម (IS) នៅ​ក្នុង​សង្កាត់​ភាគ​ខាងត្បូង​នៃ​ក្រុង​ដាម៉ាស​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ។

ក្រុម​កងទ័ព​ដែលមាន​ភក្តីភាព​ចំពោះ​ប្រធានាធិបតី ស៊ី​រី លោក បា​សារ អាល់អាសាដ​បាន​បង្កើន​ប្រតិបត្តិការ​ដែន​គោក និង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ពួកគេ​ទៅ​លើ​ជំរំ​ជន​ភៀស​ខ្លួន Yarmuk នៅ​ប៉ាឡេស្ទីន នៅ​ក្នុង​ក្រុង​ដាម៉ាស​ភាគ​ខាងត្បូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី (SOHR) បាន​ឲ្យ​ដឹងថា ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុម​យុទ្ធជន​គាំទ្រ​លោក​អាសាដ ១៥ នាក់​ក៏​ដូចជា​ក្រុម​ជីហាដ IS១៩ នាក់​ត្រូវ​បាន​សម្លាប់​ផង​ដែរ។

ក្រុម​ឃ្លាំមើល​សង្គ្រាម​មាន​មូលដ្ឋាន​នៅ​អង់គ្លេស បាន​ឲ្យ​ដឹងថា ការវាយប្រហារ​នោះ​ក៏បាន​បណ្តាល​ឲ្យ​ក្រុម​ជន​ស៊ីវិល ១២ នាក់​មាន​ទាំង​ស្ត្រី និង​កូន​ក្មេង​ស្លាប់​ផង​ដែរ។

ក្រុម​ឃ្លាំមើល​នោះ បាន​ឲ្យ​ដឹងថា៖«កងទ័ព​របប​ស៊ី​រី កំពុង​បន្តធ្វើ​ការវាយប្រហារ​ដោយ​គ្រាប់បែក​ទៅ​លើ​ផ្នែក​នានា​នៅ​ភាគ​ខាងត្បូង​នៃ​រដ្ឋធានី​ជាមួយ​ការ​ប្រើ​ប្រាស់​រ៉ុក្កែត កាំភ្លើង​ធំ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ព្រម​ទាំង​ឧទ្ធម្ភាគចក្រ​ថែម​ទៀត។

សង្កាត់ Yarmuk គឺជា​សង្កាត់​មួយ​ធ្លាប់មាន​មនុស្ស​រស់នៅ​កកកុញ​និង​មានការ​រីក​លូត​លាស់​ខ្លាំង​នៅ​ក្នុង​ក្រុង​ដាម៉ាស ប៉ុន្តែ សង្កាត់​នេះ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​អំពើ​ហិង្សា​ចាប់​តាំង​ពី​ជម្លោះ​នៅ​ក្នុង​ទឹកដី​ស៊ីរី​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១១ មក​នោះ។

រដ្ឋាភិបាល​ស៊ី​រី បានដាក់​ការហ៊ុមព័ទ្ធ​ប្រកបដោយ​ការ​បំផ្លិច​បំផ្លាញ​នៅ​លើ​សង្កាត់​នេះ ក្នុង​ឆ្នាំ ២០១២ ហើយ​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា ក៏បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​ឧទ្ទាម​និង​គូប​ដិបក្ស​ក្រុម​ជីហាដ​រដ្ឋ​អ៊ិស្លាម IS។

នៅក្នុង​ឆ្នាំ ២០១៥ ក្រុម IS បានធ្វើការ​ត្រួតត្រា​លើ​ផ្នែក​ជាច្រើន​នៃ​សង្កាត់ Yarmuk ហើយ​ក្រុម​ឧទ្ទាម​ដទៃ​ទៀត​មាន​ក្រុម​ជីហាដ​រួមទាំង​ក្រុម​មកពី​អតីត​សាខា​របស់​អាល់កៃដា​បាន​ឯកភាព​គ្នា​ដក​កងទ័ព​ចេញ​កាល​ពី ២ ឬ ៣ សប្តាហ៍​កន្លង​ទៅ។

ជា​បន្តបន្ទាប់​និងភ្លាមៗ យោធា​ស៊ី​រី​បាន​ច្បាំង​ដណ្តើម​ជាថ្មី​នូវ​តំបន់​ឈរជើង​ក្រុម​ឧទ្ទាម​ចុងក្រោយ​នៅ​ក្នុង​តំបន់ Ghouta ភាគ​ខាងកើត ជា​តំបន់​ជាយ​ក្រុង​មួយ​របស់​ក្រុង​ដាម៉ាស ដែល​បាន​ក្លាយជា​កំពែង​ឈរ​ជើង​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្បែរ​រដ្ឋ​ធានី។

កាលពី​សប្តាហ៍​មុន កងទ័ព​រដ្ឋាភិបាល​ស៊ី​រី បាន​ប្តូរ​ការចាប់អារម្មណ៍រ​បស់​ពួកគេ​ទៅកាន់​សង្កាត់ Yarmuk ប៉ុន្តែ ក្រុម​អង្គការ​មនុស្ស​ធម៌ បាន​ធ្វើ​ប្រកាស​អាសន្ន​អំពី​បញ្ហា​នេះ។

ទីភ្នាក់ងារ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​របស់​អ.ស.ប.បាន​ឲ្យ​ដឹងថា ការវាយប្រហារ​ផ្លូវ​អាកាស​បាន​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​កំពុង​ដំណើរការ​ចុង​ក្រោយ​នៅ​ក្នុង​សង្កាត់ Yarmuk ផ្អាក​ដំណើរការ និង​បាន​ធ្វើ​ឲ្យ​ភាគ​ច្រើន​នៃ​ជន​ស៊ីវិល ដែល​នៅ​សល់ ៦ ពាន់​នាក់​ក្នុង​ជំរំ​បាត់បង់​លំនៅឋាន៕