ក្រុង​ហ្គាហ្សា៖​ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ទីភ្នាក់ងារ​ជួយ​សង្គ្រោះ ​និង​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​ នៅ​ក្នុង​តំបន់​ក្បែរ​ភាគ​ខាង​កើត ​(UNRWA) ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ព្រមាន​អំពី​ផល​វិបាក​នានា​ពី​​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​​នៅ​តំបន់​ហ្គាហ្សា​។​

ប្រធាន​របស់​​ទីភ្នាក់ងារ​ជួយ​សង្គ្រោះ ​និង​ការងារ​របស់​អង្គការ​សហ​ប្រជាជាតិ UNRWA ​នៅ​ក្នុង​តំបន់​ហ្គាហ្សា​ គឺ​លោក ​ម៉ាត​ធីស ​ស្មាលី​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​អង្គការ​នេះ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​​ប្រភេទ​ថ្មី​នេះ នៅ​ក្នុង​ការ​បង្ហាញ​​ពី​ស្ថានការណ៍​​ដែល​ងាយ​រង​ប៉ះពាល់​នៅ​ក្នុង​តំបន់​ហ្គាហ្សា​ ដោយ​បាន​សង្កត់​ធ្ងន់​ថា​ ការ​​គ្រប់គ្រង​វិបត្តិ​បែប​នេះ​ ​នឹង​​ជួប​ «​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​»​។​

លោក ​ម៉ាតធីស ​ស្មាលី​ បាន​ថ្លែង​ថា​ តំបន់​ហ្គាហ្សា​កំពុង​​​​ប្រឈម​នឹង​​ការ​ខ្វះខាត​ធនធាន​យ៉ាង​ខ្លាំង​ ដោយសារ​​​អ៊ីស្រាអែល​រាំង​ខ្ទប់​តំបន់​ឆ្នេរ​សមុទ្រ​​រយៈពេល ​១៣ ​ឆ្នាំ​។

លោក​បាន​ថ្លែង​ថា​៖ «​វា​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ​ដែល​យើង​គិត​ថា​ កន្លែង​មួយ​ដូច​ជា​តំបន់​ហ្គាហ្សា​ អាច​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​ពិភព​លោក​បែប​នេះ​​ ដែល​បាន​ដាក់​អ្នក​គ្រប់​គ្នា​នៅ​ក្នុង​នោះ​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​បញ្ឈប់​ការ​ឆ្លង​រីក​រាលដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​នេះ​» ​ដោយ​បន្ថែម​ថា៖ «​ស្ថានការណ៍​យ៉ាង​អាក្រក់​បំផុត​ គឺ​ការ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​បិទ​តំបន់​ហ្គា​ហ្សា​ទាំង​ស្រុង​»​។​

លោក​បាន​អំពាវនាវ​ឲ្យ​ដក​ ការ​រាំង​ខ្ទប់​ដែល​បាន​ដាក់​នៅ​តំបន់​ហ្គាហ្សា​ចាប់​តាំង​ពី​ឆ្នាំ ​២០០៧ ហើយ​​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ផ្តល់​​​បរិក្ខារ​ពេទ្យ​សម្រាប់​ការពារ​​​ដល់​តំបន់​ហ្គាហ្សា​​៕ Xinhua/SK