ក្រុងយ៉ាំងហ្គោន៖ យោធាបានប្រកាសកាលពីថ្ងៃអង្គារថា មន្ត្រីយោធាមីយ៉ាន់ម៉ា ៣ នាក់ ត្រូវបានគេរកឃើញថាមានទោសដោយតុលាការយោធាមួយ ដែលបានស៊ើបអង្កេតទៅលើការប្រព្រឹត្តអំពើព្រៃផ្សៃប្រឆាំងជនមូស្លីមរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាក់ឃីន ដែលញាំញីដោយជម្លោះនោះ។
វិធានការដ៏កម្រប្រឆាំងនឹងសមាជិកយោធាបានធ្វើឡើង ខណៈប្រទេសមីយ៉ាន់ម៉ា បានប្រឈមនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ជុំវិញការបង្ក្រាបយ៉ាងឃោរឃៅមួយប្រឆាំងជនរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ ២០១៧ កន្លងទៅ។
ជនមូស្លីមរ៉ូហ៊ីងយ៉ាប្រហែល ៧៥ ម៊ឺននាក់ បានរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែស ដោយបាននិយាយរៀបរាប់អំពីឃាតកម្ម ការចាប់រំលោភ និងការដុតបំផ្លាញផ្ទះសំបែង ដែលត្រូវបានគេដឹងគ្រប់ៗគ្នានៅទូទាំងពិភពលោក។
ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់កងកម្លាំងសន្តិសុខពីបទប្រព្រឹត្តអំពើឃោរឃៅប្រឆាំងជនរ៉ូហ៊ីងយ៉ានៅក្នុងភូមិជាច្រើនផ្សេងៗទៀត នៅក្នុងនោះមានភូមិហ្គូដារយីនជាទីដែលពួកគេ បានរងការចោទប្រកាន់ពីបទសម្លាប់មនុស្ស ត្រូវបានគេរកឃើញផ្នូររាក់ៗយ៉ាងតិច ៥ កន្លែង ដែលកប់សាកសពនៅទីនោះ។
ដោយបានប៉ាន់ស្មានពីក្រុមអ្នកដែលនៅមានជីវិតនៅក្នុងប្រទេសបង់ក្លាដែស បានដាក់ចំនួនអ្នកស្លាប់រាប់រយនាក់។
ក្រោយពីបានបដិសេធដំបូងចំពោះការចោទប្រកាន់នោះ យោធាបានឲ្យតុលាការសឹកចាប់ផ្តើមដំណើរនីតិវិធីនៅខែកញ្ញា ខាងមុខនេះ ដោយបានទទួលស្គាល់ថា មានភាព «ចុះខ្សោយក្នុងការអនុវត្តបទបញ្ជានានា» នៅក្នុងភូមិនោះ។
ការិយាល័យរបស់អគ្គមេបញ្ជាការបានប្រកាសកាលពីថ្ងៃអង្គារថា តុលាការយោធាបាន «អះអាងអំពីទោសកំហុសរបស់អ្នកប្រព្រឹត្ត» ហើយបានកាត់ទោសមន្ត្រីយោធាទាំង ៣ រូបនោះ។
មិនមានព័ត៌មានលម្អិតត្រូវបានគេផ្តល់ឲ្យអំពីអ្នកប្រព្រឹត្តអំពើឧក្រិដ្ឋរបស់ពួកគេ ឬការកាត់ទោសនោះទេ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចាត់ទុកតុលាការយោធាថា បាន «កាត់ទោសគ្មានតម្លាភាព»។
លោកស្រី ម៉ីង យូ ហាហ៍ អនុប្រធានប្រចាំតំបន់នៃ Am- nesty International បានថ្លែងថា៖ «ការកាត់ទោសបិទទ្វារ គឺខ្វះឯករាជភាព»៕ AFP/SK