ក្រុងដាក្កា៖ រដ្ឋមន្ត្រីការបរទេសលោក AK Abdul Momen កាលពីថ្ងៃពុធបានថ្លែងថា មីយ៉ាន់ម៉ាខកខានមិនបានបញ្ចុះបញ្ចូលក្រុមជនរ៉ូហ៊ីងយ៉ាឲ្យវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេពីបង់ក្លាដែសវិញនោះទេ។
លោកបានថ្លែងថា៖ «វាគឺជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីបញ្ចុះបញ្ចូលប្រជាជនរបស់ពួកគេឲ្យវិលត្រឡប់ទៅប្រទេសវិញ។ ពួកគេបានបរាជ័យក្នុងការដោះស្រាយបញ្ហានេះ»។
រដ្ឋមន្ត្រីរូបនោះបានថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្រោយពីបានចូលរួមក្នុងសិក្ខាសាលាមួយស្តីអំពីទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលបានរៀបចំដោយមូលនិធិ Palli Karma Shahayak Foundation (PKSF) នៅឯសាលប្រជុំរបស់ខ្លួននៅក្នុងក្រុងដាក្កា។
លោក Momen បានថ្លែងថា បង់ក្លាដែសចង់ឲ្យក្រុមជនភៀសខ្លួន ធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំទៅកាន់ប្រទេស មីយ៉ាន់ម៉ា វិញ។
លោកបានបន្ថែមថា៖ «យើងនឹងមិនបង្ខំពួកគេ (ជនរ៉ូហ៊ីងយ៉ា) ឲ្យវិលត្រឡប់ទៅវិញនោះទេ ប៉ុន្តែយើងចង់ឃើញការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត»។ នៅពេលត្រូវស្នើឲ្យធ្វើអត្ថាធិប្បាយអំពីរបាយការណ៍របស់ BBC ដែលថា ភូមិរបស់ជនរ៉ូហ៊ីងយ៉ាត្រូវកម្ទេចចោល និងជំរំជាច្រើនត្រូវបានសាងសង់នៅទីនោះ លោក Momen ថ្លែងថា នៅពេលវិលត្រឡប់ទៅវិញ ពួកគេនឹងត្រូវសាងសង់ផ្ទះរបស់ពួកគេ ហើយលោកសង្ឃឹមថា មីយ៉ាន់ម៉ានឹងបង្ហាញភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហានេះ៕ Daily Star