កាលពីថ្ងៃសៅរ៍ ទី ២៧ កុម្ភៈ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដកឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិចេញពីតំណែង ១ ថ្ងៃ បន្ទាប់ពីលោកបានធ្វើការថ្លែងសុន្ទរកថាចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើរដ្ឋប្រហារ និងអំពាវនាវរកជំនួយអន្តរជាតិក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រ ទី ២៦ សប្ដាហ៍មុន ឯកអគ្គរដ្ឋទូត U Kyaw Moe Tun បានប្រាប់មហាសន្និបាតថា៖ «យើងជាគណៈកម្មាធិការតំណាងឱ្យ CRPH [គណៈកម្មាធិការតំណាងឱ្យសភា] ស្នើដល់អង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិ ដែលមានបំណងចង់កសាងសង្គមពិភពលោកស៊ីវិល័យប្រកបដោយសន្តិភាពឱ្យប្រើមធ្យោបាយណាមួយដែលចាំបាច់ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា និងដើម្បីផ្តល់នូវសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនមីយ៉ាន់ម៉ា»។
លោកបានបន្តទៀតថា៖ «យើងត្រូវការសកម្មភាពខ្លាំងក្លាបន្ថែមទៀតពីសហគមន៍អន្តរជាតិ ដើម្បីបញ្ចប់រដ្ឋប្រហារយោធាបញ្ឈប់ការគាបសង្កត់ប្រជាជនស្លូតត្រង់ប្រគល់អំណាចរដ្ឋជូនប្រជាជន និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ»។
លោក Kyaw Moe Tun បានបញ្ចប់សុន្ទរកថារបស់លោកដោយលើកម្រាមដៃ ៣ ដែលជានិមិត្តសញ្ញាដកចេញពីខ្សែភាពយន្ត «The Hunger Games» និងត្រូវបានប្រើប្រាស់ដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ។
CRPH គឺជាគណៈកម្មាធិការមួយដែលតំណាងឱ្យសមាជិកសភាជាប់ឆ្នោតមកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលសមាជិកភាគច្រើនត្រូវបានយោធាចាប់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារ នៅថ្ងៃទី ១ កុម្ភៈ។ លោក Kyaw Moe Tun ត្រូវបានតែងតាំងក្រោមរដ្ឋាភិបាលស៊ីវិល ហើយលោកបានរួចពីការចាប់ខ្លួន និងបានរក្សាតំណែងដោយសារលោកស្ថិតនៅខាងក្រៅប្រទេសមីយ៉ាន់ម៉ា នៅពេលរដ្ឋប្រហារបានកើតឡើង។
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានប្រកាសពីការបណ្ដេញលោកចេញពីតំណែងដោយនិយាយថា៖ «លោកបានក្បត់ជាតិ និងបាននិយាយសម្រាប់អង្គការក្រៅផ្លូវការមួយដែលមិនតំណាងប្រទេស ហើយបានរំលោភអំណាច និងការទទួលខុសត្រូវរបស់ឯកអគ្គរដ្ឋទូត»។
សុន្ទរកថា និងការបណ្ដេញចេញនេះកើតឡើង ខណៈក្រុមបាតុករប្រឆាំងរដ្ឋប្រហារបន្តរៀបចំការបាតុកម្មជារៀងរាល់ថ្ងៃចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ ហើយឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតនៃរដ្ឋាភិបាលស៊ីវិលក្រោមការអះអាងថា ការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ គឺពោរពេញទៅដោយការក្លែងបន្លំ។
យោធាបានចាប់ផ្ដើមបង្ក្រាបការតវ៉ាដោយប្រើប្រាស់កម្លាំងខ្លាំងជាងមុន។ កាលពីចុងសប្ដាហ៍មុនកងកម្លាំងយោធាបានបាញ់គ្រាប់កាំភ្លើងពិតទៅលើក្រុមបាតុករនៅទីក្រុង Mandalay ធ្វើឱ្យមនុស្ស ២ នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។
ការបង្កើនកម្លាំងរបស់យោធាក្នុងបង្ក្រាបក្រុមបាតុករបានធ្វើឱ្យមានការថ្កោលទោសពីអន្តរជាតិដែលរួមទាំងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken ដែលបានព្រមាននៅលើបណ្ដាញសង្គម Twitter កាលពីដើមសប្ដាហ៍នេះថា៖ «សហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដែលប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងប្រជាជននៃប្រទេសភូមា នៅពេលពួកគេទាមទារការស្ដារឡើងវិញនូវរដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ»។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី RetnoMarsudi និងរដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសយោធាមីយ៉ាន់ម៉ាលោក U WunnaMaung Lwinនៅទីក្រុងបាងកក ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយដោយសន្តិភាពចំពោះវិបត្តិនេះ។ លោកស្រី Retnoក៏បានជួបជាមួយសមាជិកបក្ស NLD ដែលបានភៀសខ្លួនទៅប្រទេសថៃ ផងដែរ៕