ក្រុង​បាងកក៖ មេ​ដឹកនាំ​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​លោក​ ថាណាថន​ ជីង​រុង​រឿងគីត​ បាន​ថ្លែង​​​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ប្រទេស ​ថៃ ​ស្ថិត​នៅ​ក្នុង​វិបត្តិ​មួយ​ដែល​នៅ​ក្នុង​នោះ​ខ្លួន​ត្រូវ​តែ​សម្រេច​ចិត្ត​ថា ​តើ​នឹង​​​​ត្រូវ​ការ​សរសេរ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន​ឡើង​វិញ​ជា​ការ​បង្ហូរ​ឈាម​ ឬ​ថា​តើ​ច្បាប់​នេះ​គួរ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ​ដោយ​មាន​ការ​ព្រមព្រៀង​របស់​អ្នក​គ្រប់​គ្នា ​ឬ​យ៉ាង​ណា​នោះ​?​

លោក​ ថាណាថន​ ជីងរុងរឿង​គីត​ កំពុង​ថ្លែង​នៅ​ឯ​វេទិកា​មួយ​នៅ​ក្នុង​សាកល​វិទ្យាល័យ​ថាំម៉ាសាត ​ជា​ទី​ដែល​គណបក្ស​របស់​លោក ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ ​ជាមួយ​ក្រុម​គណបក្ស​ប្រឆាំង ​៦ ​ផ្សេង​ទៀត​ ដែល​បាន​ប្តេជ្ញា​​ជំរុញ​រួម​គ្នា​ដើម្បី​ឲ្យ​​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​ពួក​គេ​បាន​ចាត់​ទុក​ថា ​ជា​ផលិតផល​របស់​អំណាច​ផ្តាច់​ការ​​។​

មេ​ដឹកនាំ​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​បាន​ថ្លែង​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​​រដ្ឋ​ធម្មនុញ្ញ​​ គឺ​មិន​អាច​លើកលែង​ឲ្យ​បាន​ជា​ដាច់​ខាត ​ប៉ុន្តែ​ច្បាប់​នោះ​នៅ​តែ​រក្សា​ឲ្យ​នៅ​ដដែល​។ ​លោក ​ថាណាថន​ បាន​ថ្លែង​ថា វា​ជា​មធ្យោបាយ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​សង្គម​​ចៀស​ផុត​ពី​សេច​ក្តី​ស្លាប់​។​

លោក ​ថាណាថន​ បាន​ថ្លែង​ថា​ វា​ដល់​ពេល​សម្រាប់​ប្រជាជន​ថៃ​​ ត្រូវ​បញ្ជាក់​ជំហរ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​បញ្ហា​នោះ​។​

លោក ថា​ណា​ថន​ គ្រវី​ដៃ​ដា​ក់ហ្វូ​ងមនុស្ស​ដែលកំពុងជួបជុំគ្នា​។ BKP

លោក ​ថាណាថន ​បាន​បន្ថែម​ថា​៖ «​នេះ​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ខ្មាស​​អៀន ​ឬ​ស្ទាក់ស្ទើរ​អំពី​បញ្ហា​នោះ​ទេ​»​។​

ក្រុម​គណបក្ស​ខ្លះ​កាល​ពី​ពេល​កន្លង​ទៅ​ត្រូវ​បាន​គេ​តែងតាំង​ជា​សមាជិក​កាន់​នៅ​ក្នុង​តំណែង​គណៈកម្មាធិការ​ពិសេស​នៅ​ក្នុង​សភា​ ដើម្បី​សិក្សា​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​។​

លោក ​ថាណាថន​ បាន​ថ្លែង​ថា​ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​សង្គម​ និង​ជម្លោះ​នយោបាយ ​និង​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ ដែល​ផ្តោត​ទៅ​លើ​ការ​បែង​ចែក​អំណាច​ឡើង​វិញ​ដោយ​យុត្តិធម៌​។​

លោក ​ថាណាថន ​បាន​ថ្លែង​ថា​ ក្រុម​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​ បាន​រក្សា​អំណាច​របស់​ពួក​គេ​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​វិល​ត្រឡប់​ថយ​ក្រោយ​ ទៅ​កាន់​ប៉ុន្មាន​ទសវត្សរ៍​មុន​ ដោយ​បាន​បន្ថែម​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​នេះ ​នឹង​មិន​បញ្ចប់​នោះ​ទេ​ រហូត​ដល់​ប្រជាធិបតេយ្យ​ត្រូវ​បាន​ស្តារ​ឡើង​ទាំង​ស្រុង​។​

លោក ​ថាណាថន​ បាន​ថ្លែង​ថា ​មតិយោបល់​ដែល​ប្រទេស​មួយ​នេះ​ បាន​រៀបចំ​ធ្វើ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ និង​របៀប​រៀប​រយ​ឡើង​វិញ​ ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ខែ ​ឧសភា​ ឆ្នាំ ​២០១៤ ​នោះ​ គឺ​ជា​ការ​បោកប្រាស់​​ទេ​៕ BKP/SK