ក្រុង​ការ៉ា​កាសៈ​ មេ​ដឹកនាំ​គណបក្ស​វ៉េណេស៊ុយអេឡា​លោក Juan Guaido ​កាល​ពី​ ថ្ងៃ​សៅរ៍​ បាន​ថ្លែង​ថា ​លោក​បាន​ប្រមូល​អ្នក​ស្ម័គ្រ​ចិត្ត​រាប់​ពាន់​នាក់ ​ដើម្បី​ជួយ​នាំ​យក​ជំនួយ​អាមេរិក​ចូល​ក្នុង​ប្រទេស​នេះ​នៅ​ក្នុង​សប្តាហ៍​នេះ ​ខណៈ​លោក​ ប្រធានាធិបតី ​នីកូឡាស ​ម៉ាឌូរ៉ូ ​បាន​ប្តេជ្ញា​​ពង្រឹង​សន្តិសុខ​ព្រំដែន​ និង​រាំង​ខ្ទប់​អ្វី ​ដែល​លោក​ថា​ ជា​ការ​ឈ្លាន​ពាន​របស់​អាមេរិក​នោះ​​។

ប៉ុន្តែ​ថ្វី​បើ​វិបត្តិ​នយោបាយ​ដែល​រុញ​ឲ្យ​លោក​ Guaido ​ប្រឆាំង​នឹង​លោក ​ម៉ាឌូរ៉ូ ​បន្ត​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ក្តី​ ក្រុង​ ការ៉ាកាស ​បាន​បញ្ជាក់​ពី​ការ​ចរចា​ជា​សម្ងាត់​ជា​មួយ​ប្រេសិត​ពិសេស​នៃ​រដ្ឋ​ការ​របស់​លោក ​ត្រាំ​ ដែល​មាន​បំណង​បន្ធូរ​បន្ថយ​វិបត្តិ​នេះ​។

លោក​ Guaido ​និង​លោក ​ម៉ាឌូរ៉ូ ​បាន​ធ្វើ​សង្រ្គាម​ពាក្យ​សម្តី​ជា​មួយ​គ្នា​ជុំវិញ​ជំនួយ​របស់​អាមេរិក​ដែល​បាន​មក​ដល់​ព្រំដែន​ក្រុង​ Cucuta​ នៃ​ប្រទេស ​កូឡុំប៊ី​។ ​កាល​ពី​ថ្ងៃ​សៅរ៍​ យន្តហោះ​ដឹក​ទំនិញ​ C-17 ​ពីរ​គ្រឿង​របស់​យោធា​អាមេរិក​ បាន​ដឹក​ជំនួយ​ស្បៀង​អាហារ​រាប់​សិប​តោន​ ដែល​អម​ដំណើរ​ដោយ​គណៈ​ប្រតិភូ​ជំនួយ​អាមេរិក​។

លោក​ នីកូឡាស ម៉ាឌូរ៉ូ (កណ្តាល​) និង​ប្រ​ពន្ធ នៅក្នុង​អំឡុងព្រឹត្តិការណ៍​សមា​ជនៅវិមាន ​Miraflore។ AFP

នៅ​ពេល​ជា​មួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ការបរទេស​វ៉េណេស៊ុយអេឡា​ Jorge Arreaza​ បាន​អះអាង​ថា ​បាន​រៀបចំ​ជំនួយ ​២ ​ជា​សម្ងាត់​ជា​មួយ​ប្រេសិត​ពិសេស​អាមេរិក​ ជា​ទីប្រឹក្សា​ដ៏​យូរ​របស់​ប្រធានាធិបតី​ជា​ច្រើន​រូប​នៃ​គណបក្ស​សាធារណ​រដ្ឋ​គឺ ​លោក ​Elliott Abrams។

នៅ​ក្នុង​ក្រុង​ការ៉ាកាស​លោក ​Guaido ​ដែល​បាន​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​នោះ​ នា​ពេល​បច្ចុប្បន្ន​នេះ​និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​ជាង​ ៥០​ នោះ​ បាន​ថ្លែង​ប្រាប់​ជំនួប​ការ​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ​មួយ​ថា​ មនុស្ស ​៦០ ​ម៊ឺន​នាក់​បាន​ចុះ​ឈ្មោះ​ដើម្បី​ជួយ​នាំ​ជំនួយ​ដែល​ត្រូវ​ការ​យ៉ាង​ខ្លាំង​នោះ​ចូល​មក​តាម​ច្រក​ព្រំដែន​។​

លោក​ប្រធាន​សភា​រូប​នេះ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ភាគ​ច្រើន​ពាក់​អាវ​យឺត​ និង​មួក​ដែល​មាន​ពណ៌​ទង់ជាតិ​វ៉េណេស៊ុយអេឡា​ថា​ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​​នៅ​ក្នុង​ក្រុង​នានា​នៃ​ប្រទេស​នេះ ​ជា​ទី​ដែល​នឹង​មាន​បាតុកម្ម​នៅ​ថ្ងៃ​ទី ​២៣​ ខែ​កុម្ភៈ​ដើម្បី​ឲ្យ​ជំនួយ​ចូល​មក​នោះ​។​​

ជា​ការ​បន្ថែម​ទៅ​លើ​ជំនួយ​ដែល​មក​ដល់​ប្រទេស ​កូឡុំប៊ី ​នោះ ​លោក ​Guaido ​បាន​ថ្លែង​ថា ជំនួយ​បន្ថែម​ទៀត​នឹង​មក​ដល់​តាម​រយៈ​ប្រទេស ​ប្រេស៊ីល ​និង​កោះ​ Curacao ​នៃ​សមុទ្រ​ការី​ប៊ីន​។​

ការ​ដឹក​ជញ្ជូន​របស់​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​ត្រូវ​អម​ការពារ​ដោយ​គណៈ​ប្រតិភូ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក Mark Green ប្រធាន​នៃ​ទី​ភ្នាក់ងារ ​USAID។​ ជំនួយ​ទាំង​នោះ​ ត្រូវ​បាន​ប្រមូល​ផ្តុំ​ទុក​ក្នុង​ឃ្លាំង​មួយ​នៅ​ក្បែរ​ស្ពាន​អន្តរ​ជាតិ ​Tienditas ពំ្រដែន​កូឡុំប៊ី៕ AFP/PSA​

មេ​ដឹកនាំគណបក្សប្រឆាំងនិងប្រធានាធិបតីស្តី​ទីស្វ័យប្រកាសលោក Guaido ស្វាគមន៍​ក្រុមអ្នក​ស្ម័គ្រចិត្ត។ AFP