ក្រុងខារទុំៈ មេដឹកនាំ​យោធា​ស៊ូដង់​កាលពី​ថ្ងៃអាទិត្យ​បាន​សន្យាថា លោក​ប្តេជ្ញា​ប្រគល់​អំណាច​ឲ្យ​ប្រជាជន ខណៈ​អ្នក​តវ៉ា​ជាច្រើន​នៅ​ខាង​ក្រៅ​ទីបញ្ជាការ​កងទ័ព​រង់ចាំ​ការ​បកស្រាយ​ពី​ក្រុម​ប្រឹក្សា​ស៊ីវិល។

មេដឹកនាំ​យោធា​ថ្មី លោក ឧ​ត្ត​ម​សេនីយ៍ Abdel Fattah al-Burhan ក៏បាន​ប្តេជ្ញា​ឆ្លើយតប​តាម​ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​រយៈពេល ១ សប្តាហ៍ និង​បាន​អះអាង​ថា ប្រាក់​សុទ្ធ​ជាង ១១៣ លាន​ដុល្លារ​ត្រូវ​បាន​រឹប​អូស​ពី​លំនៅឋាន​របស់​លោក​ប្រធានា​ធិបតី​អូមារ​អាល់​បាសៀរ​ដែល​ត្រូវគេ​បណ្តេញ​ចេញ​ពី​តំណែង​នោះ។

កាលពី​ថ្ងៃអាទិត្យ ក្រុម​អ្នកតវ៉ា​បាន​គ្រវីទង់ជាតិ និង​កាន់​ទូរស័ព្ទដៃ​របស់​ពួកគេ ខណៈ​ពេល​រាត្រី​បាន​ចូល​មក​ដល់ ពន្លឺ​ដែល​ចាំង​ទៅ​លើ​សម្ភារ​របស់​ពួកគេ​បង្កើត​ឲ្យ​មាន​ភ្លើង​ចម្រុះ​ពណ៌​នៅ​ខាង​ក្រៅ​ទីបញ្ជាការ​យោធា ជាទី​ដែល​ពួកគេ​បាន​បោះ​ជំរំ​នៅ​មុន​លោក​បា​សៀរ​ដួល​រលំ កាល​ពី​ថ្ងៃ​ទី ១១ ខែ​មេសា។

ដោយ​ទះដៃ និង​គ្រវីទង់ជាតិ​ស៊ូដង់ ហ្វូងមនុស្ស​បាន​រង់ចាំ​ក្រុម​មេដឹកនាំ​របស់​ពួកគេ ដើម្បី​ប្រកាស​ប្រាប់​ក្រុម​ប្រឹក្សា​ស៊ីវិល​ថា ពួកគេ​ចង់​បាន​អំណាច​ពី​ក្រុម​មេដឹកនាំ​យោធា​ខណៈ​ដែល​ឧបករណ៍​បំពង​សំឡេង​ចាក់​ចម្រៀង​ជាតិ និង​បដិវត្តន៍។

អ្នកតវ៉ាលើក​ទង់ជាតិ​ស៊ូដង់នៅក្នុង​អំឡុង​ការតវ៉ានៅខាងក្រៅ​ទីបញ្ជាការយោធា​កាល​ពី​ថ្ងៃ​ទី​ ២១ ខែមេសា។ AFP

ហ្វូង​អ្នក​តវ៉ា​ស្រែក​បន្ទរ​ថា​ប្រទេស​ស៊ូដង់ ពិតជា​ខ្ពង់ខ្ពស់​ណាស់។ ពួកគេ បាន​ប្តេជ្ញា​ថា៖ «បដិវត្តន៍​របស់​យើង គឺជា​បដិវត្តន៍​ស៊ីវិល និង​ត្រូវ​បាន​ការពារ​ដោយ​ប្រជាជន»។

ក្រុមអ្នកតវ៉ា បាន​ស្រែក​បន្ទរ​ថា «សេរី» និង​ថា តើ​របប​នេះ​ដួលរលំ ឬ​អត់? ពួកគេ​កំពុង​បន្តធ្វើ​ការងារ​នេះ​ដោយ​បាន​ប្តេជ្ញា​បន្ត​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ប្រឹក្សា​យោធា​ថ្មី​របស់​ប្រទេស​នេះ។

លោក Burhan ប៉ូលិស​យោធា និង​ក្រុមទី​ភ្នាក់ងារ​សន្តិសុខ​បាន​រកឃើញ​ប្រាក់​សុទ្ធ ៧ លាន​អឺរ៉ូ (៧,៨ លាន​ដុល្លារ) ៣៥០,០០០ ដុល្លារ និង ៥ ពាន់​លាន​ផោន​ស៊ូដង់ (១០៥ លាន​ដុល្លារ) នៅ​ក្នុង​ការ​ឆែកឆេរ​ផ្ទះ​របស់​លោក​បាសៀរ។

ទន្ទឹមគ្នា​នោះ អា​រ៉ា​ប៊ី សា​អ៊ូឌី​ត និង​អារ៉ាប់​រួម​កាលពី​ថ្ងៃអាទិត្យ​បានផ្តល់​ទឹក​ប្រាក់ ៣ ពាន់​លាន​ដុល្លារ​ជា​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស ដែល​ខ្វះខាត​លុយ​កាក់​មួយ​នេះ។

ប្រទេស​អាមេរិក​ភាគ​ឦសាន​នេះ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ក្រ​បំផុត​នៅ​ក្នុង​ពិភពលោក ហើយ​ប្រឈម​នឹង​ការ​ខ្វះខាត​ហិរញ្ញវត្ថុ​បរទេស​យ៉ាង​ខ្លាំង ជា​កត្តា​មួយ ដែល​ជួយ​បង្ក​ឲ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​លោក​បាសៀរ។

ក្រុមអ្នកតវ៉ា​ស៊ូ​ដង់ ជួបជុំគ្នា​ ខណៈ​ពួកគេ​ស្រែកបន្ទរពាក្យស្លោក​ និងគ្រវីទង់ជា​តិនៅក្នុង​អំឡុង​ការត​វ៉ា​​​។ AFP

ក្រុមប្រឹក្សា​យោធា​មួយ បាន​ចូល​ជា​ធរមាន​សម្រាប់​រយៈពេល​អន្តរកាល ២ ឆ្នាំ ប៉ុន្តែ​ទោះបី​ជា​មាន​ការ​ចរចា​ជាមួយ​ក្រុម​អ្នក​តវ៉ា​ក្តី ក៏​ភាគី​ទាំង ២ បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​មួយ។

នៅក្នុង​បទ​សម្ភាស​លើកដំបូង​របស់លោក​នៅមុខ​ទូរទស្សន៍​រដ្ឋ ចាប់តាំង​ពី​ឡើង​កាន់​អំណាច​លោក Burhan បាន​បញ្ជាក់​ថា៖ «ក្រុម​ប្រឹក្សា​នេះ ប្តេជ្ញា​ផ្តល់​អំណាច​ជូន​ប្រជាជន»។

លោក​ក៏បាន​និយាយថា គណៈប្រតិភូ​មួយក្រុម​គ្រោង​ធ្វើដំណើរ​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ដក​ប្រទេស​ស៊ូដង់​ចេញ​ពី​បញ្ជី​ឈ្មោះ​ក្រុម​ប្រទេស​ដែល​ឧបត្ថម្ភ​ដល់​អំពើ​ភេរវកម្ម។

សមាគម​អាជីព​ស៊ូដង់ (SPA) ដែល​នាំមុខ​ក្នុង​ធ្វើ​ការតវ៉ា​បាន​និយាយថា ខ្លួន​នឹង ប្រកាស​ក្រុម​ប្រឹក្សា​ស៊ីវិល​របស់​ខ្លួន​នៅ​ពេល​ក្រោយ។

អ្នក​តវ៉ា​ម្នាក់​និយាយថា យើង រងចាំ​ក្រុម​ប្រឹក្សា​នេះ៕