ក្រុងម៉ានីលៈ ប្រមុខប៉ូលិសដែលទើបតែងតាំងថ្មីរបស់ហ្វីលីពីន បានធ្វើការប្តេជ្ញាបន្តសង្គ្រាមប្រឆាំងគ្រឿងញៀន ថ្វីបើមានការថ្កោលទោសថ្មីៗពីអន្តរជាតិក្តី។
មេបញ្ជាការ Oscar Albayalde ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ នឹងដឹកនាំបង្ក្រាបគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ចាប់តាំងពីលោក Duterte ដែលបានឡើងកាន់តំណែងពីរឆ្នាំកន្លងទៅនោះ។
លោក Albayalde បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯសន្និសីទកាសែតលើកដំបូងក្នុងនាមជាមេបញ្ជាការ៖ «តើបន្តធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀនតាមរបៀបណា? ដើម្បីបន្តសង្គ្រាមនេះ យើងនឹងមិនផ្លាស់ប្តូរអ្វីទាំងអស់»។
លោក បានជំនួសលោក Ronaldo Dela Rosa ដែលចូលនិវត្តន៍ ដោយមានកិត្តិនាមជាវីរបុរសកាលពីសប្តាហ៍មុនក្រោយពីជួយលោក Duterte ធ្វើការបង្ក្រាបដោយបង្ហូរឈាមរួចមកនោះ។
លោក Albayalde បានបន្ថែមថា៖ «ហេតុអ្វីបានជាយើងនឹងមិនបញ្ឈប់កម្មវិធីមួយដែលមានប្រសិទ្ធភាពនេះ?» ដោយលើកឡើងពីការជំរុញខ្លាំង និងលទ្ធផលល្អ ចាប់តាំងពីមានការចោទប្រកាន់ប៉ូលិសថាបានសម្លាប់ក្មេងជំទង់ម្នាក់ដែលត្រូវបានចោទប្រកាន់ ខុសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគ្រឿងញៀន៕