ក្រុងប៉ារីសៈ​ ប្រធានាធិបតី​បារាំង ​លោក ​ម៉ានុយអែល ម៉ាក្រុង ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ខិត​ខំ​ប្រឹងប្រែង​ស្តារ​​ស្ថានការណ៍​​ឲ្យ​​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ប្រកប​ដោយ​ហិង្សា ២ ខែ​មក​នេះ​ ដោយ​​បើក​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​មួយ​ជុំវិញ​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​​ចលនា ​«​​អាវ​កាក់​ពណ៌​លឿង​»។

លោក​ ម៉ាក្រុង​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ Grand Bourgtheroulde​ ភាគ​ខាង​ជើង ​ដើម្បី​ចាប់​ផ្តើម​អ្វី​ដែល​លោក​បាន​ប្រកាស​ថា​ជា​ «​ការ​ជជែក​ដេញ​ដោល​​ថ្នាក់​ជាតិ​អស្ចារ្យ​មួយ​» ដែល​លោក​សង្ឃឹម​ថា ​នឹង​ជួយ​ឲ្យ​លោក​វិល​ទៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​វិញ​​។

ជន​កណ្តាល​​និយម​មាន​វ័យ​​ ៤១ ​ឆ្នាំ​រូប​នេះ​បាន​ដើរ​ឆ្លង​កាត់​ក្រុម​អ្នក​តវ៉ា​ «​អាវ​កាក់​ពណ៌​លឿង​»​ អ្នក​ខ្លះ​​នៅ​ក្នុង​ចំណោម​ពួក​គេ​បាន​ស្រែក​ថា «​ម៉ាក្រុង ចុះ​ចេញ​ពី​តំណែង​ទៅ» ​នៅ​តាម​ផ្លូវ​ទៅ​កាន់​កន្លែង​ដែល​​លោក​ជួប​ជា​មួយ​អភិបាល​ក្រុង​ ៦០០ ​នាក់ ​ដែល​​ត្រូវ​បាន​​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍​សារ​ព័ត៌មាន​បារាំង​ រយៈ​ពេល​ ៣ ម៉ោង​។

នៅ​ពេល​ថ្លែង​​ទៅ​កាន់​ក្រុម​អ្នក​ប្រមូល​ផ្តុំ​នៅ​ទីលាន​កីឡា​នៃ​ក្រុង​នោះ​ លោក​ ម៉ាក្រុង​ បាន​សន្យា​ថា ​រាល់​សំណួរ​ទាំង​អស់​ ដែល​​បាន​លើក​ឡើង​ដោយ​ក្រុម​ពលរដ្ឋ​ នឹង​ត្រូវ​បាន​យក​មក​ពិចារណា​​។

នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា ​លោក​បាន​ព្យាយាម​កំណត់​ទំហំ​នៃ​កិច្ច​ពិភាក្សា ​ដើម្បី​ឲ្យ​​ស្រប​ជាមួយ​នឹង​​របៀប​វារៈ​កំណែ​ទម្រង់​របស់​លោក​នោះ​​ លោក​បាន​ថ្លែង​ថា៖ «​មិន​អាច​មាន​ការ​កំណត់​នោះ​ទេ​»។

លោក ម៉ាក្រុង​ ​បាន​ថ្លែង​​​ប្រឆាំង​​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​​មាន​ការ​លម្អៀង​កាន់​តែ​ខ្លាំង​​ឡើង​​ និង​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ខេត្ត​ ជា​ច្រើន​នោះ៕ AFP/SK

លោក ​ម៉ាក្រុង​ ធ្វើកាយវិកា​រ​ក្នុង​អំឡុង​ជួបជាមួយ​​អភិបា​លក្រុង​ ៦០០ នាក់។ AFP