វាលប្រេងអូមារៈ កងកម្លាំងដែលដឹកនាំដោយក្រុមឃើដបាននិយាយកាលពីថ្ងៃអង្គារនៅមុនពេលធ្វើការវាយប្រហារចុងក្រោយនោះថា ក្រុមជីហាដនិយម ដែលការពារទីតាំងឈរជើងចុងក្រោយ នៅក្នុងទឹកដីស៊ីរី នឹងត្រូវស្លាប់ទាំងអស់ ប្រសិនបើពួកគេមិនប្រគល់ខ្លួនទេនោះ។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គាំទ្រដោយអាមេរិក បាននិយាយថា ពួកគេកំពុងប្រឹងប្រែងជម្លៀសក្រុមជនស៊ីវិលដែលជាប់នៅក្នុងតំបន់មួយមានផ្ទៃដី ៥០០ គីឡូម៉ែត្រការ៉េនៃរដ្ឋកាលិហ្វរបស់ក្រុមរដ្ឋអ៊ិស្លាម IS មុននឹងធ្វើការវាយប្រហារទៅលើកន្លែងលាក់ខ្លួនរបស់ក្រុមជីហាដនោះ។
អ្នកនាំពាក្យលោក Mustefa Bali បានថ្លែងថា៖ «យើងកំពុងធ្វើការបំបែក និងជម្លៀសក្រុមជនស៊ីវិល ហើយនឹងធ្វើការវាយប្រហារតែម្តង។ ការវាយប្រហារនេះដែរ ប្រហែលជាអាចនឹងកើតឡើងនៅពេលឆាប់ៗនេះ។
លោក បានថ្លែងថា ក្រុមយុទ្ធជន IS មានជម្រើស ២ គឺពួកគេត្រូវប្រគល់ខ្លួន ឬក៏ពួកគេត្រូវស្លាប់នៅក្នុងសមរភូមិប្រយុទ្ធនោះ។
ក្រុម IS បានប្រកាសរដ្ឋកាលិហ្វនៅក្នុងទឹកដីមួយភាគធំរបស់ស៊ីរី និងអ៊ីរ៉ាក់ជិតខាងនៅក្នុងឆ្នាំ ២០១៤។
អគារជាច្រើនខ្នងនៅក្នុងភូមិ Baghouz គឺថា ស្ថិតនៅក្នុងតំបន់នៃដែនដីនយោបាយដែលមានទំហំស្មើនឹងប្រទេស អង់គ្លេស។
អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភជុំវិញស្ថានភាពរបស់ពលរដ្ឋប្រហែល ២០០ គ្រួសារនៅក្នុងនោះមានស្ត្រីនិងកុមារដែលនៅក្នុងតំបន់លាក់ខ្លួនរបស់ក្រុម IS នោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអង្គការសហប្រជាជាតិបានថ្លែងថា៖ «ភាគច្រើននៃគ្រួសារទាំងនោះ កំពុងត្រូវបានរារាំងដោយក្រុម IS មិនឲ្យចេញពីទីនោះ»។
ខ្សែត្រៀមជួរមុខនៅក្នុងភូមិ Baghouz មានភាពស្ងប់ស្ងាត់កាលពីរសៀលថ្ងៃចន្ទ។ អគារជាច្រើនត្រូវបានបំផ្លាញនិងរថយន្តជាច្រើនគ្រឿងឆេះខ្លោចនៅតាមចិញ្ចើមផ្លូវដោយសារការវាយប្រហារ។
នៅច្រកចូលភូមិនោះ កងកម្លាំងប្រជាធិបតេយ្យស៊ីរី បានធ្វើឲ្យអគាររងការបំផ្លាញនោះក្លាយទៅជាមូលដ្ឋានបណ្តោះអាសន្នមួយ។
Dino ជាយុទ្ធជនមានវ័យ ២៦ ឆ្នាំដែលបានប្រយុទ្ធជាមួយក្រុមជីហាដជាច្រើនឆ្នាំនោះបាននិយាយថា សុបិនអាក្រក់បានផុតរលត់បាត់ហើយ។ យើងបានជួយសង្រ្គោះប្រជាជនចេញពីក្រុម IS។
ការប្រយុទ្ធដំបូងៗមានការពិបាកណាស់។ យើងមិនបានស្គាល់សត្រូវរបស់យើងច្បាស់ប៉ុន្តែនៅពេលបច្ចុប្បន្ននេះយើងស្គាល់ពួកគេច្បាស់ណាស់។
ប្រជាជនរាប់ពាន់នាក់ បានរត់គេចពីសង្រ្គាមប្រឆាំង IS កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែគ្មានជនស៊ីវិលណា រត់ចេញទេរយៈពេល ៣ ថ្ងៃនេះ។
ក្រុមអ្នក ដែលបានព្យាយាមរត់ចេញពីសង្រ្គាមនោះត្រូវបានដឹកដោយរថយន្តទ្រុងជាច្រើនគ្រឿងទៅកាន់ជំរំគ្រប់គ្រងដោយក្រុមឃើដភាគខាងជើងនោះ៕ AFP/PSA