ក្រុងតូក្យូៈ រដ្ឋាភិបាលជប៉ុន បាននិយាយថា មនុស្សយ៉ាងតិច ២ នាក់ ក្នុងនោះមានក្មេងម្នាក់ បានស្លាប់នៅថ្ងៃចន្ទនេះ ក្រោយពីរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានធ្វើឲ្យកក្រើកក្រុងអូសាកា (Osaka) នៅក្នុងម៉ោងដ៏មមាញឹកនាពេលព្រឹក។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Yoshihide Suga បានបញ្ជាក់ថា អ្នកស្លាប់នោះ គឺមានក្មេងម្នាក់ និងបុរសម្នាក់ និងបាននិយាយថា មនុស្សទី ៣ ម្នាក់ អាចស្លាប់ដោយសាររញ្ជួយដីនោះ។
លោកបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ៖«នៅពេលនេះ យើង បានទទួលព័ត៌មានថា មនុស្ស២នាក់ បានស្លាប់ ដោយបានបន្ថែមថា មនុស្ស២០នាក់បានរងរបួស។
ប៉ូលិសតំបន់ បាននិយាយថា ក្មេងនោះ គឺជាក្មេងស្រីអាយុ៩ឆ្នាំ នៅក្នុងក្រុងតាកាស៊ុគី (Takatsuki) នៅភាគខាងជើងក្រុងអូសាកា ដោយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាង បានជាប់ នៅពេលដែលជញ្ជាំងរលំទៅសង្កត់នាងនៅឯសាលារៀន បន្ទាប់ពីរញ្ជួយដីមានរង្វាស់៥,៣ រុិកទ័រ កើតឡើងនោះ៕ PSA