កាល​ពី​ថ្ងៃ​សុក្រ​ ទី ១៦ មករា​ រញ្ជួយ​ផែនដី​កម្រិត​ ៦,២ រ៊ិចទ័រ​ បាន​កើត​ឡើង​នៅ​កោះ​ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី​ ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់ ​និង​​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស​ហើយ​​គេហដ្ឋាន​ និង​អគារ​ជា​ច្រើន​បាន​ដួល​រលំ​។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​មនុស្ស​ស្លាប់​ចំនួន ​៥៦ នាក់ ខណៈ​មនុស្ស​ជាង ៨០០ នាក់ ​ត្រូវ​បាន​រាយការណ៍​ថា​ បាន​រង​របួស​ក្នុង​ការ​រញ្ជួយ​ដី​នេះ​។ ដោយសារ​​ការ​រញ្ជួយ​ដី​កើត​ឡើង​នៅ​លើ​ដី​គោក​គេ​មិន​បាន​ចេញ​បម្រាម​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​​រលក​ស៊ូណាមិ​ទេ​។

យន្តហោះ​ពី​ទីក្រុង​ហ្សាការតា ដែល​ដឹក​ស្បៀង​អាហារ តង់ ភួយ និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​​ បាន​ចុះចត​នៅ​កោះ​​ Sulawesi កាល​ពី​ថ្ងៃ​សុក្រ​ ដើម្បី​ធ្វើ​ការ​ចែកចាយ​នៅ​តំបន់​ជម្រក​បណ្ដោះ​អាសន្ន​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់​ ដែល​បាត់បង់​ផ្ទះ​សំបែង​៕