ក្រុងវ៉ាស៊ីនតោនៈ រដ្ឋ​ចំនួន ៥ របស់​អាមេរិក កំពុងតែ​បដិសេធ​មិន​ពង្រាយ​កម្លាំង​សន្តិសុខ​ជាតិ​នៅ​ឯ​ព្រំប្រទល់​អាមេរិក និង​ម៉ិកស៊ិក​នៅ​ចំពេល​ដែល​ការ​មិន​ពេញ​ចិត្ត​ទៅ នឹង​គោល​នយោបាយ​អន្តោ​ប្រវេសន៍​ដ៏​ចម្រូង​ចម្រាស​របស់​លោក​ប្រធានា​ធិបតី ដូណាល់ត្រាំ កំពុង​តែ​ផ្ទុះ​ឡើង​ហើយ​គោល​នយោបាយ​នេះ​ទៀត​សោត បាន​ធ្វើ​ឲ្យ​កុមារ​ភៀស​ខ្លួន​ជាច្រើន​ត្រូវ​ព្រាត់​ប្រាស​ពី​ឪពុក​ម្ដាយ​ទៀត​ផង។

ទាំង​ចៅហ្វាយ​រដ្ឋ​មកពី​រដ្ឋ កូ​ឡូ​រ៉ា​ដូ ញូវយ៉ក និង​វើ​ជី​នៀ ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ​និង​ទាំង​ចៅ​ហ្វាយ​រដ្ឋ​ម៉ារីឡេន និង​រដ្ឋ​ម៉ាសាឈូសេត​ដែល​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​បាន​ថ្លែង​ថា ពួកគេ​នឹង​មិន​បញ្ជូន​កម្លាំង​សន្តិសុខ​ជាតិ​នៅ​ក្នុង​រដ្ឋ​របស់​ពួកគេ​ឲ្យ​ទៅ​អនុវត្ត កាតព្វ​កិច្ច​ព្រំដែន​នោះ​ទេ។

ចៅហ្វាយ​រដ្ឋ​ញូវយ៉ក លោក Andrew Cuomo ដែល​មកពី បក្ស​ប្រជាធិបតេយ្យ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «យើង​នឹង​មិន​យក​ខ្លួន​ទៅ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​សោក​នាដកម្ម​មនុស្ស​ជាតិ ដែល​បាន​និង​កំពុង​កើត​ឡើង​នោះ​ទេ»។

លោក Cuomo បាន​សរសេរ​លើ​ប្រព័ន្ធ​ធ្វី​ធើ​រថា៖ «នៅ​ចំពោះមុខ​នៃ​ទង្វើ​អមនុស្សធម៌​របស់​រដ្ឋាភិបាល​រដ្ឋ​សហព័ន្ធ​នោះ រដ្ឋ​នឹង​មិន​បញ្ជូន​កម្លាំង​សន្តិសុខ​ជាតិ​របស់​ខ្លួន​ទៅ​កាន់​ព្រំដែន​ជា​ដាច់​ខាត»។

លោក Larry Hogan ដែលជា​ចៅហ្វាយ​រដ្ឋ​ម៉ា​រី​ឡេ​ន​មកពី​គណបក្ស​សាធារណរដ្ឋ បាន​ថ្លែងថា លោក​នឹង​មិន​បញ្ជូន​កម្លាំង​សន្តិសុខ​ជាតិ​របស់​ខ្លួន​ទៅ​កាន់​ព្រំដែន​នោះ​ទេ លុះត្រា​តែ​គោល​នយោបាយ ដែល​បាន​បំបែក​បំបាក់​កូន​ក្មេង និង​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​លុប​ចោល​ជាមុន​សិន។

លោក Hogan បាន​ថ្លែងថា​លោក​បាន​បញ្ជា​យានិក​ឧទ្ធម្ភាគចក្រ​ចំនួន ៤ នាក់ ដែល​ត្រូវបាន​ដាក់​ពង្រាយ​នៅ​ព្រំដែន​ក្នុង​រដ្ឋ​ម៊ិកស៊ិក​ថ្មី​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ជា​បន្ទាន់។

លោក Hogan ថ្លែងថា៖ «កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ គួរតែ​ផ្ដោត​សំខាន់​ទៅ​លើ​តែ​ឧក្រិដ្ឋជន»៕