ក្រុង​ម៉ូស្គូ៖ ប្រទេស ​រុស្ស៊ី ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ចាប់​ផ្តើម​​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មាន​ទាហាន ​១២៨ ​ពាន់​នាក់​ចូល​រួម ​និង​យោធា​របស់​សម្ព័ន្ធ​មិត្ត​ជា​ច្រើន​ ​ក្នុង​នោះ​មាន​ប្រទេស ​ឥណ្ឌា ​និង​ចិន ​ដែរ​។​

សមយុទ្ធ​យោធា​កណ្តាល​ឆ្នាំ ​២០១៩​ នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​សៅរ៍​នៅ​តំបន់​ភ្នំ ​Urals​ តំបន់​វាល​ទំនាប​ ​Siberia​ និង​សមុទ្រ ​Caspian។

ក្រសួង​ការពារ​ជាតិ​​បាន​និយាយ​ថា ​​សមយុទ្ធ​នោះ​ មាន​ឧបករណ៍​យោធា ​២ ​ម៊ឺន​ប្រភេទ ​និង​នាវា ​១៥ ​គ្រឿង​។​

ប្រទេស ​រុស្ស៊ី ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​យ៉ាង​ទៀងទាត់​ ដោយ​បាន​ប្តូរវេន​នៅ​ក្នុង​តំបន់​ខុសៗ​គ្នា​​​របស់​ប្រទេស​នេះ​។ កាល​ពី​ឆ្នាំ​ទៅ​ សមយុទ្ធ​នៅ​ភាគ​ខាង​កើត​ឆ្នាំ ​២០១៨ ​មាន​ទាហាន ​៣០ ​ម៊ឺន​នាក់​ចូល​រួម ​​ដោយ​ឲ្យ​ចំនួន​នេះ​ច្រើន​ជាង​គេ​បំផុត​នៅ​សម័យ​ក្រោយ​​សូវៀត​។

ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ទៀត​ថា ​គោល​បំណង​នៃ​ការ​សមយុទ្ធ​ថ្មី​បំផុត ​គឺ​ត្រូវ​ធ្វើ​ការ​ទៅ​លើ​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​​ក្រុម​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ភេរវកម្ម​អន្តរជាតិ ​និង​ធានា​សន្តិសុខ​យោធា​នៅ​ក្នុង​ទិសដៅ​យុទ្ធសាស្ត្រ​នៃ​អាស៊ី​កណ្តាល​។

ដំណាក់​កាល​ទី ​១ ​នៃ​សមយុទ្ធ ​២​ ផ្នែក​នឹង​ផ្តោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ និង​ការ​ទប់ទល់​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស។​

នៅ​ក្នុង​អំឡុង​​ដំណាក់​កាល​ទី ២ ​កង​កម្លាំង​នឹង​ត្រូវ​បន្ត​ការ​វាយ​លុក​ទៅ​លើ​សត្រូវ​។​

កងទ័ព​មក​ពី​ប្រទេស ​ឥណ្ឌា ​កាហ្សាក់ស្ថាន​ កៀហ្ស៊ីស៊ីស្ថាន ​ចិន ​ប៉ាគីស្ថាន ​តាហ្ស៊ីគីស្ថាន​ និង​អ៊ូសបេគីស្ថាន​ ក៏​ចូលរួម​សមយុទ្ធ​នេះ​ដែរ។

អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ​Yunus-Bek Yevkurov ​បាន​ថ្លែង​នៅ​ពិធី​បើក​នោះ​ថា៖ ​«​សមយុទ្ធ​ទាំង​នេះ​ នឹង​ជួយ​បង្កើន​កិច្ច​សហការ​យោធា ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សម្ព័ន្ធមិត្ត​របស់​យើង​»៕ AFP/PSA