ក្រុង​តេអេរ៉ង់៖​ ប្រធានាធិបតី​អ៊ីរ៉ង់់​លោក​ ហាស្សាន​ រូ​ហានី​ បាន​ថ្លែង​ប្រាប់​សមភាគី​បារាំង​របស់​លោក​ គឺ​លោក​ អេម៉ានុយអែល​ ម៉ាក្រុង​ តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ​ថា​ កិច្ច​ចរចា​នានា​ជាមួយ​សហរដ្ឋ​អាមេរិក​នឹង ​«គ្មាន​​ន័យ​នោះ​ទេ​»​ ប្រសិន​បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​ជា​មុន​សិន​ទេ​នោះ​​ ។​

សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ថា ​ប្រធានាធិបតី​អាមេរិក​ លោក ​ដូណាល់​ ត្រាំ​ មាន​បំណង​ចង់​ជួប​ជាមួយ លោក ​រូហានី ​ដោយ​គ្មាន​លក្ខខណ្ឌ​ ខណៈ​អាមេរិក​នៅ​តែ​បន្ត​យុទ្ធនាការ​នៃ ​«ការ​ដាក់​សម្ពាធ​អតិបរមា​» ​របស់​ខ្លួន​ទៅ​លើ​ប្រទេស ​អ៊ីរ៉ង់ ​នោះ​។​

លោក​ ហាស្សាន រូហានី ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី ​ម៉ាក្រុង ​ជា​បន្តបន្ទាប់​ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

មេ​ដឹកនាំ​បារាំង ​បាន​ចេញ​មុខ​ដឹកនាំ​ឲ្យ​មាន​កិច្ច​​ខិតខំ​ប្រឹងប្រែង​របស់​អឺរ៉ុប​ ដើម្បី​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​ប្រទេស ​អ៊ីរ៉ង់​ និង​ក្រុម​ប្រទេស​មហា​អំណាច​ធំៗ​នៅ​លើ​ពិភព​លោក​។​

កិច្ច​ព្រមព្រៀង​ដែល​ត្រូវ​បាន​គេ​ដឹង​គ្រប់ៗ​គ្នា​ជា​ផ្លូវ​ការ​ថា ​ផែនការ​នៃ​សកម្មភាព​ទូលំទូលាយ​រួម ​(JCPOA) ​បាន​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​បរាជ័យ​ជា​ផ្នែកៗ ចាប់​តាំង​ពី លោក​ ដូណាល់ ​ត្រាំ​ បាន​ដក​ខ្លួន​ជា​ឯកតោភាគី​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​កាល​ពី​ខែ ​ឧសភា​ ឆ្នាំ ​២០១៨​ ហើយ​បាន​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង​ជា​ថ្មី​នោះ​៕ AFP/SK