ក្រុង​បាងកកៈ​ យោង​តាម​ការ​ស្ទង់មតិ​របស់​សាកល​វិទ្យាល័យ​សួនដូស៊ីត​រ៉ាចាផាត់​ ឬ​សួនដូស៊ីត​ បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ភាគ​ច្រើន​ជឿ​​ថា​ ជម្លោះ​នយោបាយ​ថៃ​ ទំនង​ជា​នៅ​​បន្ត​ក្រោយ​ពី​រដ្ឋាភិបាល​ថ្មី​មួយ ​ត្រូវ​បាន​ចូល​ជា​ធរមាន​។​

ការ​ស្ទង់មតិ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង ​ចន្លោះ​ពី​ថ្ងៃ​ទី ​២២​ ដល់​ ២៥​ ទៅ​លើ​មនុស្ស​ចំនួន ​១ ១០៧ ​នាក់​ ដើម្បី​ប្រមូល​ទស្សនៈ​របស់​ពួក​គេជុំ​វិញ​ស្ថានការណ៍​នយោបាយ​នៅ ប្រទេស ថៃ ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ​២៤​ ខែ ​មីនា។​

ដោយ​ត្រូវ​បាន​សួរ​អំពី​ថា​តើ​ពួក​គេ​គិត​ថា ​ជម្លោះ​នយោបាយ​អាច​នឹង​កើត​មាន​ឬ​ទេ ក្រោយ​ពី​រដ្ឋាភិបាល​ថ្មី ត្រូវ​បង្កើត​ឡើង​នោះ? ៥២,២១​ ភាគរយ​បាន​ជឿជាក់​ថា​ ជម្លោះ​នយោបាយ ​នឹង​កើត​ឡើង​ដូច​មុន​ ​ចាប់​តាំង​ពី​បញ្ហា​នោះ ​ត្រូវ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ។ ​

ចំនួន ​៣៤,០៦ ​ភាគរយ​គិត​ថា​អាច​នឹង​មាន​ជម្លោះ​កាន់​តែ​ច្រើន​ ដោយសារ​តែ អ្នក​នៅ​ក្នុង​ជម្លោះ ​នឹង​មិន​អាច​ផ្សះផ្សា​បាន​ដោយ​ងាយ​ស្រួល​ទេ​​ និង ​១៣​,៧៣ ​ភាគរយ ​បាន​និយាយ​ថា​ ជម្លោះ​នោះ​ នឹង​ធ្លាក់​ចុះ​ ដោយ​ជឿជាក់​ថា​ រដ្ឋាភិបាល​ថ្មី​ នឹង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។​

ដោយ​ត្រូវ​បាន​ស្នើ​ឲ្យ​អធិប្បាយ​អំពី​ការ​បែកបាក់​ និង​ការ​តស៊ូ​របស់​បណ្តា​គណបក្ស​នយោបាយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​មួយ​នោះ ​៣១,​៥៩ ​ភាគរយ​​​ បាន​និយាយ​ថា​ គណបក្ស​ទាំង​អស់​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ផល​ប្រយោជន៍​ ដោយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​មាត់​ប្រទេស​ ២៣,៧៩ ​ភាគរយ ​ចង់​ឲ្យ​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕ BKP/SK