ក្រុង​សេអ៊ូល៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ ព្យុះ​ទីហ្វុង​មួយ​ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​បំផ្លិច​បំផ្លាញ​ស្ពាន​ជិត ​៦០ ​កន្លែង​ ឬ​បាន​លិច​​ផ្ទះ​ជាង ​២ ០០០ ​ខ្នង​ ដោយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​គីម​ ជុង​អ៊ុន ​បាន​ថ្លែង​ថា ​ការ​ខូចខាត​នោះ​ បាន​រំខាន​ដល់​ផែនការ​មជ្ឈិម​ពេញ ​១ ​ឆ្នាំ​​។​

ព្យុះ​ទីហ្វុង​មេយ៍​សាក់ ​(Maysak) ​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ថ្ងៃ​ នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​កាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ស្រដៀង​គ្នា​នោះ​ ​ប្រទេស​កូរ៉េ​ខាង​ជើង ​ នៅ​តែ​កំពុង​ទទួល​រង​ដោយសារ​ទឹក​ជំនន់ ​និង​ព្យុះ​ទីហ្វុង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​យ៉ាង​ខ្លាំង​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ហើយ​នៅ​សប្តាហ៍​នេះ​ ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​រង​ការ​វាយ​ប្រហារ​ ដោយសារ​ព្យុះ​ទីហ្វុង​ហៃសិន ​(Haishen) ​១ ​ផ្សេង​ទៀត​។​

ទីភ្នាក់ងារ​សារព័ត៌មាន ​KCNA ​ផ្លូវ​ការ​បាន​និយាយ​ថា ​ព្យុះ​ទីហ្វុង​មេយ៍សាក់ «​បាន​បំផ្លិច​បំផ្លាញ​ ឬ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ជន់​លិច​» ​ផ្ទះ​ជាង ​២ ០០០ ​ខ្នង​ និង​អគារ​សាធារណៈ​ចំនួន ​១០ ​អគារ​ នៅ​ក្នុង​តំបន់​មួយ​ចំនួន​បាន​​រង​ផល​ប៉ះ​ពាល់​ ចំណែក​ផ្លូវ​ជា​ច្រើន​មាន​ចម្ងាយ ​៦០ ​គីឡូ​ម៉ែត្រ​ និង ​៥៩ ​ស្ពាន​ទៀត​ បាន​បាក់​រលំ​ ដោយ​មាន​គ្រឹះ​ផ្លូវ​រថភ្លើង​ប្រវែង​ជាង ​៣ ៥០០ ​ម៉ែត្រ ​«​ត្រូវ​បាន​ខូច​ខាត​ទាំង​ស្រុង​គ្មាន​សល់​»​។​

គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ឡើង​នៅ​កូរ៉េ​ខាង​ជើង​ ដោយសារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ញ័រ​កក្រើក​ ហើយ​ប្រទេស​នេះ​បាន​រង​ការ​ប៉ះពាល់​ដោយ​ទឹក​ជំនន់​​ ដោយសារ​ភ្នំ​ និង​កូន​ភ្នំ​ ត្រូវ​​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ អស់​ជាយូរហើយ​នោះ​៕ AFP/SK