ក្រុង​កូឡុំ​បូ​:​ ស្រី​លង្កា​បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​នឹង​បង្កើត​ប៉ុស្តិ៍​ប៉ូលិស​ថ្មី​ៗ​ទៀត​និង​បង្កើន​ការ​យាម​ល្បាត​នៅ​រមណីយ​ដ្ឋាន​ប្រជា​ប្រិយ​ជា​ច្រើន​កន្លែង​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវ​ភេទ​ជា​បន្ត​បន្ទាប់​និង​អំពើ​ហិង្សា​មាន​គោល​ដៅ​លើ​ក្រុម​អ្នក​ទេស​ចរ​បរ​ទេស​។​

មេ​បញ្ជា​ការ​ប៉ូលិស​លោក ​Pujith ​Jayasundara​ បាន​ឲ្យ​ដឹង​ថា​ស្នង​ការ​ប៉ូលិស​ថ្មីៗ​២០​កន្លែង​ទៀត​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ចំណុច​ក្តៅ​គគុក​ត្រង់​តំបន់​ដំណើរ​កំសាន្ត​វិស្សម​កាល​នានា​ដើម្បី​ការ​ពារ​ក្រុម​ភ្ញៀវ​ទេស​ចរ​ពី​ការ​វាយ​ប្រហារ​ពី​ក្រុម​អ្នក​ដើរ​ពពាយ​នាយ​លក់​និង​ក្រុម​ឧក្រិដ្ឋ​ជន​នានា​ថ្វី​បើ​មាន​ក្តី​បារម្ភ​យ៉ាង​នេះ​ក៏​ដោយ​កង​កម្លាំង​របស់​លោក​ត្រូវ​បាន​ដាក់​ពង្រាយ​រួច​ជា​ស្រេច​។​

លោក​Jayasundara ​បាន​ថ្លែង​ថា​៖​«​ខ្ញុំ​បួង​សួង​សុំ​ឲ្យ​ពួក​យើង​មាន​កង​កម្លាំង​និង​ធន​ធាន​ច្រើន​សម្រាប់​ការ​អនុវត្ត​ចំពោះ​កិច្ច​ការ​នេះ​ក៏​ប៉ុន្តែ​យើង​ក៏​កំពុង​តែ​ធ្វើ​ការ​កែ​សម្រួល​ខ្លះ​ៗ​ចំពោះ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​របស់​យើង​ដើម្បី​ធានា​បាន​នូវ​ផលិត​ភាព​ប្រសើរ​ជាង​នេះ​»​។​

លោក​បាន​ថ្លែង​បន្ថែម​ថា​វិធាន​ការ​ទាំង​នោះ​ត្រូវ​បាន​សម្រេច​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ទេស​ចរ​ជន​ជាតិ​ហូលឡងដ៍​ត្រូវ​បាន​ប្រមាថ​អាស​គ្រាម​ផ្លូវ​ភេទ​និង​ក្រុម​អ្នក​ទេស​ចរ​ជា​ច្រើន​នាក់​ដទៃ​ទៀត​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ក្រុម​ជន​មួយ​ក្រុម​នៅ​ឯ​សណ្ឋាគារ​មួយ​នៅ​ក្នុង​ទី​ប្រជុំ​ជន​រមណីយ​ដ្ឋាន​ Mirissa ​ភាគ​ខាង​ត្បូង​កាល​ពី​សប្តាហ៍​មុន​។​

ក្រុម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​អ្នក​ទេសចរ​អ៊ីស្រាអែល​៥​នាក់​ត្រូវ​បាន​គេ​វាយ​រហូត​ដល់​សន្លប់​បាត់​ស្មារតី​នៅ​ក្នុង​តំបន់​ដដែល​នេះ​នា​សប្តាហ៍​នេះ​ហើយ​មនុស្ស​១៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ឧប្បត្តិ​ហេតុ​ចំនួន​ពីរ​។​

របាយ​ការណ៍​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី​បណ្តឹង​ពាក់​ព័ន្ធ​ការ​បៀត​បៀន​ផ្លូវ​ភេទ​ដោយ​ក្រុម​ភ្ញៀវ​បរ​ទេស​ដែល​ភាគ​ច្រើន​ស្ទាក់​ស្ទើរ​មិន​ធ្វើ​ការ​ប្តឹង​ជា​ផ្លូវ​ការ​ដោយ​សារ​ការ​ភ័យ​ខ្លាច​ការ​ប្រើ​ប្រាស់​ពេល​វេលា​យូរ​ក្នុង​ការ​ទទួល​ការ​ជំនុំ​ជម្រះ​រឿង​ក្តី​ពី​តុលា​ការ​។​

រដ្ឋ​មន្ត្រី​ទេស​ចរណ៍ លោក​John ​Amaratunga​បាន​អំពាវ​នាវ​ឲ្យ​ក្រុម​ជន​រង​គ្រោះ​ដំណើរ​រឿង​ក្តី​ទាំង​នោះ​ដល់​តុលាការ​និង​បាន​សន្យា​ចេញ​ប្រាក់​ចំណាយ​ទាំង​អស់​ជូន​ក្រុម​ជន​ណា​ដែល​វិល​ត្រឡប់​មក​កាន់​ទី​កោះ​នេះ​វិញ​ជួយ​កំណត់​ភិន​ភាគ​ក្រុម​ជន​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​រំលោភ​បំពាន​ទាំង​នេះ​។​

កាល​ពី​ឆ្នាំ​ទៅ​ក្រសួង​ការ​បរ​ទេស​អាមេរិក​បាន​ព្រមាន​ថា​ឧក្រិដ្ឋ​កម្ម​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវ​ភេទ​ប្រ​ឆាំង​កំពុង​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រ​ទេស​ស្រី​លង្កា​៕​ AFP/ SN