ប៊ែរឡាំងៈ នាវាររបស់អង្គការសប្បុរសធម៌អាល្លឺម៉ង់ Mission Lifeline ដែលផ្ទុកជនភៀសខ្លួនអាហ្រ្វិកជិត ២៤០ នាក់ ត្រូវបានអ៊ីតាលីបដិសេធមិនឱ្យចូលចតនៅកំពង់ផែរបស់ខ្លួនទេ ហើយកាលពីថ្ងៃអាទិត្យ ក៏មានការឆ្លើយតបទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃខាងអ៊ីតាលី Matteo Salvini វិញផងដែរ។
ក្រោយពីលោក Salvini បានសរសេរនៅលើទំព័រហ្វេសប៊ុកអំពីនាវារបស់អង្គការមិនមែនរដ្ឋាភិបាលនោះថា នាវាដឹក«សាច់មនុស្ស» អង្គការនោះ បានឆ្លើយតបវិញថា៖ «សូមគោរព លោក Matteo Salvini យើងមិនមានសាច់មនុស្សនៅលើនាវាទេ គឺមានតែមនុស្ស»។
អង្គការសប្បុរសធម៌នោះ ឆ្លើយតបថា៖«យើងសូមអញ្ជើញលោកឱ្យមកមើលខ្លួនឯងថា វាគឺជាមនុស្ស ដែលយើងបានជួយសង្គ្រោះពីលង់ទឹក សូមមកទីនេះ យើងស្វាគមន៍លោក! »។
អង្គការនោះ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យនាវាសង្គ្រោះមួយគ្រឿងឈ្មោះ Lifeline គឺស្ថិតនៅភាគខាងលិចប្រទេសម៉ាល់តាមានផ្ទុកជនភៀសខ្លួនចំនួន២៣៩ នាក់ ក្នុងនោះមានស្ត្រី ១៤ នាក់ និងក្មេងចំនួន ៤ នាក់ ដែលពួកគេត្រូវបានជួយសង្គ្រោះនៅក្បែរឆ្នេរសមុទ្រលីប៊ី។
អ្នកនាំពាក្យអង្គការសប្បុរធម៌ Mission Lifeline លោក Axel Steier ថ្លែងថា ពួកគេបានទទួលអាហារ និងទឹកពីប្រទេសម៉ាល់តា ហើយបានទទួលថ្នាំពេទ្រនឹងភួយពីនាវាជួយសង្គ្រោះរបស់អាល្លឺម៉ង់ចំនួនពីរគ្រឿងផ្សេងទៀត ដែលឃ្លាំមើលនៅដែនសមុទ្រ៕ NS