ក្រុងសេអ៊ូលៈ អតីតរដ្ឋមន្ត្រីបង្រួបបង្រួមជាតិបានថ្លែងថា កិច្ចចរចាកម្រិតការងាររវាងអាមេរិក និងកូរ៉េខាងជើង នឹងទំនងជាចាប់ផ្តើមបន្ត ក្រោយពីការធ្វើសមយុទ្ធយោធារួម រវាងកូរ៉េខាងត្បូង និងអាមេរិក ដែលត្រូវគេគ្រោងធ្វើនោះបានបញ្ចប់។
លោក Jeong Se-hyun បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងជំនួបមួយ ជាមួយក្រុមអ្នកកាសែតកាលពីថ្ងៃពុធថា បន្ទាប់ពីការព្រមានរបស់ក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍នេះថា កូរ៉េខាងជើង នឹងសម្រេចចិត្តថា តើត្រូវបើកកិច្ចពិភាក្សាកម្រិតការងារ ក្រោយពី «ធ្វើការឃ្លាំមើលអំពីសកម្មភាពរបស់អាមេរិកនោះ» ដោយបានរិះគន់អំពីការធ្វើសមយុទ្ធយោធារួមរបស់សម្ព័ន្ធមិត្ត ត្រូវបានគ្រោងធ្វើឡើងនៅខែក្រោយនេះ។
លោក Jeong Se-hyun ដែលបានបម្រើការងារជារដ្ឋមន្ត្រីបង្រួបបង្រួម ចាប់ពីឆ្នាំ ២០០២-២០០៤ បានថ្លែងថា កូរ៉េខាងជើង នឹងមិនចង់ឲ្យបាក់មុខដោយសារតែការអង្គុយទល់មុខគ្នាជាមួយអាមេរិក នៅពេលដែលខ្លួនបានព្រលយពាក្យធ្វើពហិការមិនចូលប្រជុំកម្រិតការងារជុំវិញបញ្ហាធ្វើសមយុទ្ធនោះ។
លោក Jeong Se-hyun បានថ្លែងនៅក្រុងវ៉ាស៊ីនតោនថា៖ «វាហាក់បីដូចជាយើងមិនមានបំណងកាត់បន្ថយ (សមយុទ្ធរួមនោះ) ដូច្នេះខ្ញុំសន្និដ្ឋានថា ការចរចាកម្រិតការងាររវាងភាគីទាំង ២ នឹងត្រូវបានរៀបចំធ្វើឡើងយ៉ាងហោចណាស់ ក្រោយពីសមយុទ្ធនោះចប់»។
ការចាប់ផ្តើមបន្តកិច្ចពិភាក្សាកម្រិតការងាររវាងប្រទេសទាំង ២ ត្រូវបានឯកភាពដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅអំឡុងពេលជំនួបគួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេនៅភូមិផាន់ម៉ាន់ជុំនៅតាមព្រំដែនអន្តរកូរ៉េកាលពីថ្ងៃទី ៣០ ខែ មិថុនា៕ Yonhap/SK