ក្រុងសេអ៊ូលៈ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទថា អនុប្រធានការិយាល័យទំនាក់ទំនងអន្តរកូរ៉េ របស់កូរ៉េខាងជើង បានវិលត្រឡប់មកធ្វើការវិញ ក្រោយអវត្តមានអស់ជាច្រើនសប្តាហ៍ ខណៈដែលការព្រួយបារម្ភ កំពុងកើនឡើងជុំវិញការផ្លាស់ប្តូរព័ត៌មានឆ្លងកាត់ព្រំដែនមានការធ្លាក់ចុះ នៅចំពេលកិច្ចពិភាក្សាពីបញ្ហានុយក្លេអ៊ែរ បានជាប់គាំងរវាងកូរ៉េខាងជើងនិងអាមេរិកនោះ។
អ្នកនាំពាក្យឲ្យក្រសួងបង្រួប-បង្រួមជាតិ លោក លី ស៊ាង មីន បានថ្លែងប្រាប់សន្និសីទ កាសែតថា៖ «យើង បានអះអាងថា អនុប្រធានការិយាល័យកូរ៉េខាងជើង បច្ចុប្បន្នវិលត្រឡប់ធ្វើការជាធម្មតា»។
លោក លី ស៊ាងមីន បានបដិសេធមិនបញ្ចេញឈ្មោះមន្ត្រីកូរ៉េខាងជើងនោះទេ ប៉ុន្តែ ប្រភពខ្លះ បាននិយាយថា លោក គីម ក្វាងស៊ុង គឺជាអនុប្រធានម្នាក់ក្នុងចំណោមអនុប្រធាន ២ រូប ប្រចាំនៅការិយាល័យទំនាក់ទំនងរបស់កូរ៉េខាងជើង គឺ លោកប្រធាន ជុន ជុងស៊ូ កំពុងធ្វើការនៅការិយាល័យនោះ ដែលមានទីតាំងស្ថិតនៅព្រំដែនក្រុងកៃស៊ុងរបស់កូរ៉េខាងជើង។
លោក គីម ក្វាងស៊ុង បានវិលត្រឡប់មកការិយាល័យវិញហើយ ក្រោយពីកូរ៉េខាងជើងបានដកបុគ្គលិកទាំងអស់ របស់ខ្លួនចេញពីការិយាល័យនោះ កាលពីថ្ងៃទី ២២ ខែមីនាកន្លងទៅ។
កាលពីពេលថ្មីៗនេះ កូរ៉េខាងជើង បានបង្កើតការិយាល័យធ្វើការជាបណ្តោះ អាសន្នមួយ ជាមួយប្រតិបត្តិការការិយាល័យបច្ចុប្បន្ន។
ការវិលត្រឡប់មកធ្វើការវិញរបស់ លោក គីម ក្វាងស៊ុង បានកើតឡើងនៅចំពេលមានសកម្មភាពពន្យារពេលនៅក្នុងជំនួបរៀងរាល់សប្តាហ៍ រវាងអនុរដ្ឋមន្ត្រីបង្រួបបង្រួមជាតិ កូរ៉េខាងត្បូង គឺ លោក ឈុន ហៃស៊ុង និងសមភាគីកូរ៉េខាងជើងរបស់លោក គឺ លោក ជុន ជុងស៊ូ ប៉ុន្តែជំនួបនោះ មិនត្រូវបានធ្វើឡើងទេ បន្ទាប់ពីជំនួប រវាងដូណាល់ ត្រាំ និងគីម ជុងអ៊ុន នៅក្រុងហាណូយនៃវៀតណាម៕Yonhap