ក្រុង​តូក្យូៈ ​ប្រជាជន​​ជប៉ុន​កាល​ពី​ថ្ងៃ​អាទិត្យ​ ​បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ដែល​ជា​ការ​បោះឆ្នោត​សភា​ជាន់​ខ្ពស់​ ដោយ​ក្រុម​អ្នក​នយោបាយ​កំពុង​គ្រប់គ្រង​អំណាច​របស់​លោក​ ស៊ីនហ្សូ អាបេ ​បាន​ខិតខំ​ប្រឹងប្រែង​ការពារ​សំឡេង​ភាគ​ច្រើន​​ ​និង​បន្ត​​ផែនការ​របស់​ខ្លួន​ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​របស់​ប្រទេស ​ជប៉ុន​។​

លោក​ ស៊ីន​ហ្សូ​ អាបេ ​មាន​វ័យ ​៦៤ ​ឆ្នាំ​ ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​យូរ​ជាង​គេ​បំផុត​របស់​ប្រទេស ​ជប៉ុន​ កំពុង​សង្ឃឹម​ថា​ នឹង​មាន​ការ​គាំទ្រ​ឲ្យ​លោក​បន្ត​អាណត្តិ​ នៅ​​មុន​​ការ​ដំឡើង​ពន្ធ​ខ្ពស់​ទៅ​លើ​ទំនិញ​សំខាន់ៗ​នៅ​ឆ្នាំ​ក្រោយ​នេះ​ រួម​មាន​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ផង​ដែរ​។​

ការ​ស្ទង់មតិ​បង្ហាញ​ថា ​គណបក្ស​ប្រជាធិបតេយ្យ​សេរី ​(LDP) ​និង​ដៃ​គូ​ក្រុម​ចម្រុះ​របស់​បក្ស​នេះ​​គឺ​គណបក្ស​ Komeito ​ទំនង​ជា​​ឈ្នះ​សំឡេង​ភាគ​ច្រើន​ ដោយសារ​មាន​ការ​ប្រឆាំង​ជំទាស់​យ៉ាង​សកម្ម​។​

ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​សម្រាប់​អាសនៈ​ពាក់​កណ្តាល​​នៅ​ក្នុង​សភា​​ ដែល​មាន​អំណាច​​ខ្សោយ​ជាង​​សភា​ជាន់​ខ្ពស់​។

ការ​បោះ​ឆ្នោត​នោះ បាន​ចាប់​ផ្តើម​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​ម៉ោង ​៧ ព្រឹក​ ដោយ​លទ្ធផល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បាន​ដឹង​ច្បាស់​មិន​យូរ​ប៉ុន្មាន​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​នោះ​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ម៉ោង ​៨ ​យប់។​

ក្រុម​អ្នក​ធ្វើ​ប្រជាមតិ​បាន​សន្និដ្ឋាន​ថា ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​​ឆ្នោត​តិច​ជាង ​៥០ ​ភាគរយ​។

អ្នកស្រី ​Yoshiko Iida ​ជា​អ្នក​កែ​សម្ឆស្ស​មាន​វ័យ ​៤៥ ​ឆ្នាំ​ បាន​និយាយ​ថា​៖ «​ខ្ញុំ​គាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ដោយសារ​ខ្ញុំ​មិន​ឃើញ​មាន​​ជម្រើស​ណា​ផ្សេង​ពី​នេះ​​»​។​

អ្នកស្រី​បាន​ប្រាប់ ​AFP ថា៖ ​«ក្រុម​បក្ស​ប្រឆាំង​មាន​បញ្ហា​ច្រើន​» ​«​ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អំណាច​ធ្លាក់​ចូល​​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ​​»​។​

លោក​ Susumu Rokkaku ​ជា​មន្ត្រី​ចូល​និវត្តន៍​ម្នាក់ ​មាន​វ័យ ​៨៥ ​ឆ្នាំ ​បាន​និយាយ​​ថា​៖ «​ខ្ញុំ​បាន​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​គណបក្ស​ប្រឆាំង​ម្នាក់​ ប៉ុន្តែ​នរណា​ជាប់​ឆ្នោត​ក៏​ដោយ ​ក៏​គ្មាន​អ្វី​ផ្លាស់ប្តូរ​ដែរ។ ខ្ញុំ​គ្មាន​ក្តី​សង្ឃឹម​លើ​នរណា​ម្នាក់​ឡើយ»។

យោង​តាម​ការ​ស្ទង់មតិ​នៅ​មុន​​ពេល​បោះ​ឆ្នោត​ បក្ស​ចម្រុះ​របស់​លោក​ អាបេ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​៕ AFP/SK