ក្រុង​បេ​រូត: មេ​បញ្ជា​ការ​ក្រុម​​ឧទ្ទាម​ម្នាក់​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​អាទិត្យ​ថា អាមេរិក ​បាន​ព្រមាន ​ក្រុម​ឧទ្ទាម​នៅ​ភាគខាង​ត្បូង​ប្រទេស​ស៊ី​រី​ថា ​ពួកគេ​មិនគួរ​រំពឹង​ថា​ មាន​អន្តរា​គមន៍​យោធា​ទេ​ ប្រសិន​បើ​កងទ័ព​រដ្ឋាភិបាល ​ចាប់ផ្តើម​វាយ​ប្រហារ​លើពួកគេ​នោះ។

កង​កម្លាំង​រដ្ឋា​ភិបាល​ ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ កំពុង​រៀប​ចំការ​វាយ​លុក​មួយ ​ដើម្បី​ដណ្ដើម​យក​ខេត្ត Daraa និង Sweida នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ី​រី​មក​វិញ ​ដែល​ភាគ​ច្រើន​នៃ​ខេត្ត​ទាំង​នោះ​ គឺ​កំពុង​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​ ដែល​គាំទ្រ​ដោយ​​អា​មេរិក​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។

ការព្រមាន​របស់អាមេរិក​នេះ​ គឺគេ​ឃើញ​មាន​សារ​ជា​ភាសា​អារ៉ាប់ ​ដែល AFP បាន​ឃើញ ហើយ​ វា​បាន​កើត​ឡើង ​នៅពេល​ដែល​កង​កម្លាំង​​ស៊ី​រី​នៅក្នុង​សប្តាហ៍​នេះ ​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅតាម​បណ្តា​ខេត្ត​ភាគ​ខាង​ត្បូង។

សារ​នោះ បាន​សរសេរ​ថា៖«យើង​ត្រូវតែ​បញ្ជាក់​អំពី​ជំហរ​របស់​យើង ​យើង​យល់ថា ​អ្នក​ត្រូវតែ​ធ្វើការ​សម្រេចចិត្ត (ប្រយុទ្ធ) ដោយ​ផ្អែក​លើ​ផល​ប្រយោជន៍​របស់​អ្នក ​ផល​ប្រយោ​ជន៍​របស់​ប្រជា​ជន​របស់​អ្នក ​និង​បក្សពួក​របស់​អ្នក​ដូច ​ដែល​អ្នក​បាន​ឃើញ​»។

បើ​យោង​តាម​ច្បាប់​ថត​ចម្លង​មួយ ​ដែល​ពួក​ឧទ្ទាម​ម្នាក់ ​បាន​ផ្តល់ឲ្យ AFP បាន​បញ្ជាក់​ថា៖« អ្នក​មិនគួរ​ផ្អែកទៅលើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​លើ​ការ​សន្មត​ ឬ ​ការ​រំពឹង​ទុក​អំពី​អន្តរា​គមន៍​យោធា​ពី​ភាគី​របស់​យើង​នោះទេ»៕ NS