ក្រុង​វ៉ាស៊ីនតោន៖​ អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា ​មេ​ដឹកនាំ​យោធា​ប៉ារ៉ាស៊ីអ៊ីត​អ៊ីរ៉ាក់​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ថា ​ជា​ភេរវករ​ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​រ៉ុក្កែត​ជា​បន្ត​បន្ទាប់​មក​នោះ​ ដោយ​បាន​ប្តេជ្ញា​បង្កើន​ការ​ដាក់​សម្ពាធ​ទៅ​លើ ​ប្រទេស អ៊ីរ៉ង់ ​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ថែម​ទៀត​ផង​។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​បាន​ដាក់​លោក​ អាហ៍ម៉េដ-អាល់​-ហា​មីដាវី​ ដែល​ជា​អគ្គលេខាធិការ​​នៃ​កង​កម្លាំង​ប្រដាប់​​អាវុធ​​ហេស​បូឡាហ៍ Kataib ​ចូល​ក្នុង​បញ្ជី​ខ្មៅ​ថា ​«ជា​ភេរវករ​សកល​ដែល​មាន​ការ​​​​តែងតាំង​​​​យ៉ាង​​ពិសេស​»​ ដោយ​បាន​បង្កក​ទ្រព្យ​សម្បត្តិ​​ ដែល​លោក​បាន​ប្រកប​អាជីវកម្ម​ និង​ការ​ធ្វើ​ជំនួញ​របស់​លោក​ជាមួយ​អាមេរិក។​​

ក្រុម​កងកម្លាំង​នោះ​ ជា​ក្រុម​តែ​មួយ​គត់​ ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​អ៊ីរ៉ង់​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវករ​មួយ​ដោយ​អាមេរិក​ ចាប់​តាំង​ពី​ឆ្នាំ ​២០០៩​។​

លោក ​ណាថាន់​ សែលស៍​ ជា​ប្រធាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​ការបរទេស​​បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​បច្ចុប្បន្ន​ យើង​កំពុង​ដាក់​សម្ពាធ​របស់​យើង​ទៅ​លើ​ក្រុម​ភេរវករ​មួយ​​នេះ​»​។​

លោក ណាថាន់​ សែលស៍​ ​បាន​ចោទ​ប្រកាន់​ថា​ គោល​បំណង​របស់​ក្រុម​ភេរវករ​មួយ​​នេះ ​ គឺ​ដើម្បី​ជួយ ​«​ពង្រីក​គោលដៅ​របស់​របប​របស់​ប្រទេស ​​អ៊ីរ៉ង់ ​នៅ​ក្នុង​ទឹក​ដី​ប្រទេស ​អ៊ីរ៉ាក់ ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ចំណុះ​មួយ​របស់​ប្រទេស ​អ៊ីរ៉ង់ ​ទៅ​ថ្ងៃ​អនាគត»​៕ AFP/SK