ក្រុង​វ៉ាស៊ីនតោនៈ ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ ​បាន​បង្កើន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​អ៊ីរ៉ង់​ ដោយ​​ប្រកាស​ដាក់​ពង្រាយ​​ទាហាន​ ​១ ០០០ ​នាក់ ​បន្ថែម​ទៀត​នៅ​មជ្ឈិមបូព៌ា​ ហើយ​បាន​បង្ហាញ​​រូបភាព​ថ្មីៗ​ដែល​អាមេរិក ​បាន​ថ្លែង​ថា​ ក្រុង​តេអេរ៉ង់​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ទៅ​លើ​នាវា​​ដឹក​ប្រេង ​១ ​គ្រឿង​នោះ​។​

វិធានការ​ទាំង ​២ ​នោះ​ បាន​កើត​ឡើង​ ខណៈ​ដែល​​អ៊ីរ៉ង់​បាន​ទុក​ពេល​ ​១០ ​ថ្ងៃ ​ដើម្បី​ឲ្យ​ប្រទេស​មហា​អំណាច​ពិភព​លោក​ ដើម្បី​ធ្វើ​ការ​ប្តេជ្ញាចិត្ត​របស់​ពួក​គេ​ស្ថិត​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ ដែល​​អាមេរិក​បាន​បោះបង់​ចោល​​ ដោយ​បាន​ថ្លែង​ថា ​អ៊ីរ៉ង់​នឹង​បង្កើន​ការ​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​ឡើង​វិញ​ឲ្យ​គ្រប់​ចំនួន ​ដែល​បាន​កំណត់​ដោយ​កិច្ច​ព្រមព្រៀង​នោះ​។​

ភាព​តានតឹង​រវាង​ក្រុង​តេអេរ៉ង់ ​និង​ក្រុង​វ៉ាស៊ីនតោន​បាន​កើន​កម្តៅ​កាន់​តែ​ខ្លាំង​ឡើង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​​ ចាប់​តាំង​ពី​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​​ ដោយ​ក្រុង​វ៉ាស៊ីនតោន​ បាន​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​ និង​ការ​ដាក់​កង​ការពារ​បដិវត្តន៍​​ក្នុង​បញ្ជី​ខ្មៅ​ថា​ជា​អង្គការ​ភេរវកម្ម​។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ម៉ៃក៍​ ប៉ុមប៉េអូ ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​បញ្ហា​ពាក់ព័ន្ធ​អ៊ីរ៉ង់។AFP

កាល​ពី​ថ្ងៃ​ចន្ទ ​ក្រុង​វ៉ាស៊ីនតោន​ បាន​ប្រកាស​បង្កើន​កងកម្លាំង​បន្ថែម​ទៀត ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ប្រធាន​ស្តីទី​ប្រចាំ​នៅ​មន្ទីរ បញ្ចកោណ​លោក​ Patrick-Shanahan​ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​សិទ្ធិ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រហែល ​១ ០០០ ​នាក់​បន្ថែម​ទៀត​ ដើម្បី​ទប់ទល់​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​បាន​គំរាម​ទៅ​លើ​កង​នាវាចរណ៍ ​និង​មូលដ្ឋាន​ទ័ព​ថ្មើរ​ជើង​នៅ​មជ្ឈិមបូព៌ា​នោះ​»​។​

លោក​ Patrick Shanahan​​ បាន​ថ្លែង​ថា​៖ «​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​កាល​ពី​ពេល​ថ្មីៗ​ ​ជា​ស្នាដៃ​អ៊ីរ៉ង់​យ៉ាង​ពិត​ប្រាកដ​ យើង​ទទួល​បាន​ព័ត៌មាន​ពី​ការ​ស៊ើប​អង្កេត​​​​គួរ​ឲ្យ​ជឿជាក់ ​និង​ទុកចិត្ត​​​ទៅ​លើ​​​ទង្វើ​ អរិភាព​របស់​កងកម្លាំង​អ៊ីរ៉ង់ ​និង​​ក្រុម​របស់​ពួក​គេ ដែល​បាន​​បាន​គំរាម​​ដល់​កងកម្លាំង​ ​និង​ផលប្រយោជន៍​អាមេរិក​នៅ​ទូទាំង​តំបន់​​»​។​

អ្នក​នាំពាក្យ​​​​អង្គការ​ថាមពល​អាតូមិក​អ៊ីរ៉ង់ លោក Behrouz Kamavandi ធ្វើ​សន្និសីទ​នៅ​ក្រុង​តេអេរ៉ង់។ AFP

អាមេរិក​ បាន​រិះគន់​អ៊ីរ៉ង់​ចំពោះ​​ការ​វាយ​ប្រហារ ​កាល​ពី​សប្តាហ៍​មុន​ទៅ​លើ​នាវា​ផ្ទុក​ប្រេង ​២ ​គ្រឿង ​នៅ​ឈូង​សមុទ្រ​​អូម៉ង់​ ហើយ​ក្រុង​តេអេរ៉ង់ ​បាន​បដិសេធ​ប្រឆាំង​​ការ​ចោទ​ប្រកាន់​នោះ​ថា ​«​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​»​។​

មន្ទីរ​បញ្ចកោណ ​បាន​ចេញ​ផ្សាយ​រូបភាព​ថ្មីៗ​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​អាមេរិក​បាន​ថ្លែង​ថា ​អ៊ីរ៉ង់​បាន​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ទៅ​លើ​នាវា​ដឹក​​ប្រេង​មួយ​ក្នុង​ចំណោម​នាវា​ទាំង​នោះ​ផង​ដែរ។​

ទឡ្ហីករណ៍​អាមេរិក​ទៅ​លើ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ បាន​ដាក់​ទៅ​លើ​នាវា​ដឹក​​ប្រេង ​Kokuka Courageous ​ដែល​អាមេរិក​បាន​ថ្លែង​ថា ​គ្រាប់​មីន​បាន​ដាក់​ទៅ​លើ​នាវា​ល្បាត ១ គ្រឿង នោះ​​ត្រូវ​បាន​យក​ចេញ​វិញ​ដោយ​អ៊ីរ៉ង់​​។​

មន្ទីរ​បញ្ចកោណ​ បាន​ថ្លែង​ថា​៖ «​អ៊ីរ៉ង់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​​នាវា​​ដឹក​ប្រេង​នោះ»​៕​ AFP/SK