ក្រុងម៉ាណាហ្គា: កាលពី​ថ្ងៃ​អង្គារ អាមេរិក​បានធ្វើការ​ចោទប្រកាន់​រដ្ឋាភិបាល​នីការ៉ាហ្គា ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា «គួរ ឲ្យ​ស្អប់» និង​ការ​បង្ក្រាប​លើ​ហ្វូង​អ្នក​តវ៉ា ដែល​ទាមទារ​ឲ្យ​បណ្តេញ​ប្រធានា​ធិបតី Daniel Ortega ចេញ​ពី​តំណែង។

ការវាយប្រហារ​ដោយ​សម្តី​ដែលមាន​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញពី​សេតវិមាន​គឺជា​ការ​រិះគន់​ជា​អន្តរជាតិ ខ្លាំងៗ​បំផុត​ប្រឆាំង​លោក Ortega និង​រដ្ឋការ​របស់​លោក ចាប់​តាំង​ពី​ភាព​ចលា​ចល បាន​ផ្ទុះ​ឡើង​កាល​ពី​មួយ​សប្តាហ៍​កន្លង​ទៅ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ២៧ នាក់ ស្លាប់។

ការរិះគន់​នោះ បានកើត​ឡើងខណៈ​លោក Ortega អតីត​មេដឹកនាំ​ក្រុម​ឧទ្ទាម​ឆ្វេងនិយម​វ័យ ៧២ ឆ្នាំ ដែល​បាន​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​នីការ៉ាហ្គា​រយៈពេល ២២ ឆ្នាំ​ក្នុង​អំឡុង​រយៈ​ពេល ៣៩ ឆ្នាំ ព្យាយាម​បង្ក្រាប​ការ​តវ៉ា​តាម​ដង​ផ្លូវ ដែល​បាន​នាំ​គ្នា​ធ្វើការ​ប្រឆាំង​រូប​លោក បន្ទាប់​ពី​បាន​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ​ជា​ដំបូង និង​បិទ​មាត់​សារ​ព័ត៌មាន​ឯករាជ្យ។

បន្ទាប់ពី​មានការ​ដើរ​ក្បួន​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​មួយ​នៅក្នុង​រដ្ឋធានី​ម៉ាណាហ្គា (Managua) កាល​ពី​ថ្ងៃ​ចន្ទ បង្ក​ឡើង​ដោយ​ក្រុម​ពលករ និស្សិត អ្នក​ទទួល​ប្រាក់​រ៊ឺត្រែត និង​ក្រុម​ពលរដ្ឋ​សាមញ្ញ​រាប់ម៉ឺន​នាក់ មក លោក Ortega ដែល​ហ៊ុមព័ទ្ធ​ដោយ​បញ្ហា បាន​បង្កើន​ការ​អំពាវនាវ​ឲ្យ​មាន​វប្បធម៌​ចរចា​រវាង​រដ្ឋាភិបាល និង​ក្រុម​អ្នក​តវ៉ា។

លោក​ក៏បាន​បញ្ជា​ឲ្យ​មានការ​ដោះលែង​ក្រុម​អ្នកប្រឆាំង​តវ៉ា​រាប់សិប​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​អំឡុង​ការ​ប្រឆាំង​តវ៉ា​និង​បាន​ដក​ការ​ហាម​ប្រាម​ផ្សព្វផ្សាយ​លើ​ស្ថានីយ​ទូរទស្សន៍ ឯកជន​មួយ។

ការផ្តល់​សម្បទាន​នេះ ហាក់​បានធ្វើ​ឲ្យ​ស្ងប់ចិត្ត​ដល់​ក្រុម អ្នកជំនួញ​នៅក្នុង​ប្រទេស​នេះ ដែល​បាន​លះបង់​សម្ព័ន្ធភាព​យូរ​អង្វែង​ជាមួយ​លោក Ortega ជុំវិញ​អំពើ​ហិង្សា​នេះ។

ប៉ុន្តែ ស្ថានភាព​នៅតែ​បន្ត​មាន​ភាព​តឹងតែង និង​ស្ថិតក្នុង​សភាព​មិន​ច្បាស់លាស់ ដោយ​សិស្ស​និស្សិត​ជាច្រើន ប្តេជ្ញា​បន្ត​ធ្វើ​យុទ្ធនាការ​របស់​ពួកគេ​ដើម្បី​បង្ខំ​ឲ្យ​លោក Ortega ចុះ​ចេញ​ពី​អំណាច ហើយ​ក្រុម​ប៉ូលិស មិន​បាន​បង្ហាញ​សញ្ញា​បញ្ឈប់​សកម្មភាពរ​បស់​ពួកគេ​ឡើយ។

សេចក្តីថ្លែងការណ៍​ពី​សេតវិមាន បាន​ឲ្យ​ដឹងថា អំពើហិង្សា​ខាង​នយោបាយ​ដ៏​គួរ​ឲ្យ​ស្អប់​បង្កឡើង​ដោយ​ក្រុម​ប៉ូលិស និង​ក្រុម​ជន​ខិល​ខូច​គាំទ្រ​រដ្ឋាភិបាល​ប្រឆាំង​ក្រុម​ពលរដ្ឋ​នីការ៉ាហ្គា ជា​ពិសេស ក្រុម​និស្សិត​សាកល​វិទ្យាល័យ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សហគមន៍​អន្តរជាតិ ដែល​ប្រកាន់​ប្រជាធិប​តេយ្យ»។

អាមេរិក​ថ្កោលទោស​ចំពោះ​ការបង្ក្រាប ដោយ​ហិង្សា​នេះ៕