កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ២៧ កុម្ភៈ រដ្ឋបាល​ឱសថ និង​ម្ហូប​អាហារ (FDA) បាន​ធ្វើ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ ១៩ ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Johnson & Johnson ក្នុង​គ្រាអាសន្ន ដែល​ជា​វ៉ាក់សាំង​ទី៣ អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​អាមេរិក ​បន្ទាប់​ពី Pfizer/BioNTech និង ​Morderna។

វ៉ាក់សាំង​នេះ ត្រូវ​បាន​ធ្វើ​ការ​សាកល្បង​លើ​មនុស្ស​ជាង ៤៤ ០០០ នាក់ ​នៅ​សហរដ្ឋ​អាមេរិក ​អាហ្វ្រិក​ខាង​ត្បូង និង​អាមេរិក​ឡាទីន។ ទិន្នន័យ​បាន​មក​ការ​សាកល្បង​នេះ បាន​បង្ហាញ​មាន​ប្រសិទ្ធភាព ៦៦,១% ប្រឆាំង​នឹង​ករណី​កូវីដ ១៩ ធ្ងន់ធ្ងរ បន្ទាប់​ពី​ការ​ចាក់​យ៉ាង​ហោច​ណាស់ ៤ សប្ដាហ៍​នេះ ​បើ​យោងតាម​ការ​វិភាគ​របស់ FDA ។ ទិន្នន័យ​នៅ​សហរដ្ឋ​អាមេរិក​ថា ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព ៧២% និង​ផ្តល់​ការ​ការពារ ៨៦% ប្រឆាំង​នឹង​ករណី​ធ្ងន់ធ្ងរ។

វ៉ាក់សាំង​នេះ មាន​ផល​ប៉ះពាល់​តិចតួច ដែល​ភាគ​ច្រើន​មាន​លក្ខណៈ​ស្រាល ដូចជា​ការ​ឈឺ​ចាប់​នៅ​កន្លែង​ចាក់ ឈឺ​ក្បាល អស់​កម្លាំង និង​ឈឺ​សាច់​ដុំ។ ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គឺ​មិន​កើត​ឡើង​ច្រើន​ទេ ហើយ​មិន​មាន​ករណី​ប្រតិកម្ម​អាលែ្លកហ្ស៊ី​ធ្ងន់ធ្ងរ​កើត​ឡើង ​បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ការ​សាកល្បង។

វ៉ាក់សាំង Johnson&Johnson ប្រើប្រាស់​បច្ចេកវិទ្យា​វ៉ិចទ័រ​វីរុស​កែច្នៃ​ពី Adenovirus ស្វា Chimpanzee ដូច​វ៉ាក់សាំង​អង់គ្លេស AstraZeneca ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​រក្សា​ទុក និង​ដឹកជញ្ជូន ហើយ​មាន​តម្លៃ​ទាប​ជាង​បច្ចេកវិទ្យា​វ៉ាក់សាំង​ផ្សេង​ទៀត។ វ៉ាក់សាំង​នេះ​មាន​លក្ខណៈ​ខុស​ពី​វ៉ាក់សាំង​កូវីដ ១៩ ផ្សេង​ទៀត ដោយ​ត្រូវ​ការ​ការ​ចាក់​វ៉ាក់សាំង​តែ ១ ដូស​ប៉ុណ្ណោះ ដើម្បី​ទទួល​បាន​ការ​ការពារ៕