ក្រុងហ៊្សេរុយសាឡិមៈ កងទ័ពអីុស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានរកឃើញរូងក្រោមដីមួយផ្សេងទៀត ដែលឆ្លងកាត់ពីលីបង់ចូលទឹកដីរបស់ខ្លួន ជារូងទី ២នោះ ចាប់តាំងពីបើកប្រតិបត្តិការមួយដើម្បី «កម្ទេចផ្លូវរូងក្រោមដី» របស់ក្រុមឧទ្ទាមហេសបូឡាហ៍។
អ្នកនាំពាក្យយោធាអីុស្រាអែលលោកវរៈសេនីយ៍ឯក Jonathan Conricus បានថ្លែងថា៖ «កងទ័ពអីុស្រាអែល បានរកឃើញផ្លូវរូងក្រោមដីរបស់ក្រុមហេសបូឡាហ៍បន្ថែមទៀត ដោយបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីទីតាំងនៃផ្លូវរូងក្រោមដីដែលទើបរកឃើញនោះ»។
នៅក្នុងសន្និសីទមួយជាមួយក្រុមអ្នកកាសែត លោក បានថ្លែងថា៖ «ផ្លូវរូងក្រោមដីនោះឆ្លងកាត់ចូលទៅទឹកដីអ៊ីស្រាអែល ដូចរូងក្រោមដីទី ១ ដែរ នៅមិនទាន់អាចប្រតិបត្តិការបានទេ និងមិនបង្កការគំរាមកំហែងដល់សហគមន៍អីុស្រាអែលទេ»។
កាលពីថ្ងៃអង្គារ កងទ័ពអីុស្រាអែលបានបើកប្រតិបត្តិការមួយមានឈ្មោះថា «Northern Shield»ដើម្បីកម្ទេចរូងក្រោមដីទាំងនោះ ដូចដែលខ្លួនបាននិយាយថា រូងក្រោមដីទាំងនោះ ត្រូវបានជីកនៅក្រោមព្រំដែន ដោយក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ និងបានចែករំលែករូបភាពជាច្រើននៃរូងក្រោមដីមួយដែលបានរកឃើញនៅក្បែរក្រុង Metula របស់អ៊ីស្រាអែល៕ SK