កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ៦ មេសា ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Volodymyr Zelenskiy បាន​អំពាវ​នាវ​ដល់​អង្គការ​ណាតូ (NATO) ដើម្បី​រៀប​ចំ​ផ្លូវ​សម្រាប់​ប្រទេស​ចូលរួម​ជា​មួយ​សម្ព័ន្ធភាព​យោធា​លោក​ខាង​លិច​នេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រុស្ស៊ី​បាន​ប្រមូល​ផ្ដុំ​កងទ័ព​នៅ​ជិត​តំបន់​ព្រំ​ដែន​មាន​ជម្លោះ​ Donbass។

បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​ លោក​ Zelenskiy បាន​ប្រាប់​លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ណាតូ​តាម​ទូរស័ព្ទ​ថា​៖ «ណាតូគឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ Donbass​»​។

លោក​បាន​បន្ត​ទៀត​ថា​ផែនការ​សមាជិកភាព​របស់​អ៊ុយក្រែន​ចូល​ទៅ​ក្នុង​សម្ព័ន្ធភាព« នឹង​ជា​សញ្ញា​ដ៏​ពិត​ប្រាកដ​មួយ​សម្រាប់​ប្រទេស​រុស្ស៊ី»​។

ការ​អត្ថាធិប្បាយ​របស់​លោក Zelenskiy បាន​ទាក់ទាញ​ការ​រិះគន់​ជា​បន្ទាន់​ពី​ទីក្រុង​មូស្គូ​ ដែល​បាន​និយាយ​ថា​ ការ​ខិត​ទៅ​រក​ណាតូ​អាច​ធ្វើ​ឱ្យ​ស្ថានភាព​នៅ Donbass កាន់​តែ​ពិបាក​ថែម​ទៀត ដែល​អំពើ​ហិង្សា​បាន​កើន​ឡើង​នៅ​តំបន់​នេះ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ចុង​ក្រោយ​នេះ​។

ក្រុម​ផ្ដាច់​ខ្លួន​នៅ​តំបន់​ Donbass ដែល​គាំទ្រ​ដោយ​រុស្ស៊ីបាន​ប្រយុទ្ធ​ជា​មួយ​នឹង​កងទ័ព​អ៊ុយក្រែន​តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ​ ដែល​ជម្លោះ​នេះ​បាន​សម្លាប់​មនុស្ស ១៤.០០០ នាក់​។ ក្រុង​ Kyiv បាន​រាយការណ៍​ថា​មាន​ទាហាន ២ នាក់​ទៀត​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ទៀត​លោក​ Zelenskiy បាន​និយាយ​ថា​ ទាហាន​អ៊ុយក្រែន ២៤ នាក់ ​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​។

អ៊ុយក្រែន​បាន​រាយការណ៍​ថា ​ទាហាន​រុស្សី​បាន​ប្រមូល​ផ្ដុំ​នៅ​ព្រំដែន​នៅ​ព្រំដែន​ចាប់​ផ្ដើម​ពី​ចុង​ខែ​មីនា​ រហូត​មក​ដល់​ពេល​នេះ​។ រុស្សី​បាន​និយាយ​ថា​ ការ​ចល័ត​កងទ័ព​នេះ​ គឺ​គ្រាន់​តែ​ជា​ចលនា​ការពារ​ប៉ុណ្ណោះ ហើយ​ការ​ចូល​រួម​របស់​ណាតូ​នឹង​បង្ក​ឱ្យ​ស្ថានភាព​ពិបាក​ជាង​មុន​។